ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុក សាលាក្រៅខេត្តប៉ៃលិន

វិទ្យុជាតិកម្ពុជា:

ប៉ៃលិន៖ នៅសាលប្រជុំស្រុកសាលាក្រៅ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុក សាលាក្រៅ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាលស្រុក លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ ព្រមទាំង មេឃុំ-មេភូមិ ផង។
បើតាមសេចក្តីប្រកាសដែលអានដោយ លោក កើត ចំរើន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃសាលាខេត្តបានឱ្យ ដឹងថា៖ តាមសេចក្តីប្រកាសលេខ៣៩៦៩ ប្រ.ក ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ត្រូវបានសម្រេច ប្រការ១ ផ្ទេរលោក ទិត្យ ធី ឋានន្តរស័ក្កិនាយក្រមការ ថ្នាក់លេខ៤ ពីអភិបាលរងនៃគណៈអភិបាលស្រុកសាលាក្រៅ ឱ្យទៅបម្រើការងារជាមន្រ្តីនៅ រដ្ឋបាលខេត្ត និង ប្រការ២ ត្រូវបានតែងតាំងលោក រាម សុមេធ ឋានន្តរស័ក្កិអនុមន្រ្តីថ្នាក់លេខ១ ឱ្យទៅកាន់មុខតំណែង ជាអភិបាលរងនៃគណៈអភិបាលស្រុកសាលាក្រៅ ។
បន្ទាប់ពីទទួលបានប្រកាសតែងតាំងមុខតំណែងថ្មី លោក រាម សុមេធ ដែលទើបតែងតាំងថ្មី បានធ្វើការប្តេជ្ញាអនុវត្តន៍យ៉ាង ម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាននិងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសប្ដេជ្ញាគោរពគាំទ្រនិងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ ជម្រុញដល់អភិ បាលរងស្រុកដែលទើបទទួលបាន មុខតំណែងថ្មី ត្រូវខិតខំបំពេញការងារដែលខ្លួនទទួលខុសត្រូវ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឱ្យស័ក្តិសមជាមន្ត្រី ដែលជា អ្នកបម្រើរាស្ត្រពិតប្រាកដ ជាពិសេសត្រូវខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានា ដែលធ្វើឲ្យប៉ះពាល់ និងបង្កការ ថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដោយត្រូវជំរុញការផ្ដល់សេវាសាធារណៈ សេវាសង្គម ឱ្យកាន់តែល្អ និងនៅជិតប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបានបន្តថា៖ ក្នុងនាមយើងជាថ្នាក់ដឹកនាំ ត្រូវពង្រឹងសមត្ថភាព និងបង្កើតធនធានឱ្យមានចំណេះជំនាញក្នុងអង្គភាព របស់ខ្លួនប្រកបដោយគុណភាព ដើម្បីអនុវត្តការងារអោយទទួលបានជោគជ័យ ទន្ទឹមនឹងនោះត្រូវពង្រឹងសាមគ្គី ភាពផ្ទៃក្នុង និងប្រមូលផ្តុំមន្ត្រីក្រោមឱវាទមកធ្វើការងារជាសមូហភាពជាមួយគ្នា ហើយត្រូវចេះសហការល្អ ជាមួយមន្ទីរស្ថាប័ននានា និងអាជ្ញាធរមូលដ្ឋានដើម្បីចូលរួមអភិវឌ្ឍន៍ខេត្ត និងប្រទេសជាតិទាំងមូល ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តបានជំរុញឱ្យអាជ្ញាធរភូមិឃុំ និងបុសិ៍្តនគរបាលនៅតាម ឃុំនីមួយៗត្រូវចុះពិនិត្យមើលបងប្អូនប្រជាពរដ្ឋដែលមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬបាត់ ត្រូវជំរុញបងប្អូនឱ្យទៅ ធ្វើថ្មី ជាពិសេសប៉ុសិ៍្ទនគរបាលត្រូវចុះពិនិត្យនិងសហការជាមួយគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ហាងបញ្ចាំ និងហាងលក់ទូរស័ព្ទដៃ គ្រប់ប្រភេទទាំងអស់ ដែលបងប្អូនបានយកអត្តសញ្ញាណប័ណ្ណទៅដាក់បញ្ចាំ ត្រូវដកហូតមកវិញទាំងអស់ ដើម្បីឱ្យបងប្អូន មានឯកសារគ្រប់គ្រាន់សម្រាប់ទៅបោះឆ្នោតនៅពេលខាងមុខ៕​

អត្ថបទ លោក ហឿន គឹមហុន