ក្រុមកសិករដាំបន្លែសរីរាង្គ ស្នើសុំឱ្យគណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង រៀបចំឱ្យមានទីកន្លែងលក់ដូរផង

វិទ្យុជាតិកម្ពុជា
M.C.ក្រុមកសិករផលិតបន្លែសរីរាង្គ(បន្លែធម្មជាតិ) នៅខេត្តស្ទឹងត្រែងបានស្នើសុំឱ្យគណៈកម្មការផ្សារ រៀបចំឱ្យមានទីកន្លែង លក់ដូរផង ព្រោះពួកគាត់បានធ្វើការផ្លាស់ប្តូរទម្លាប់ដាំដុះ មកអនុវត្តតាមបច្ចេកទេសកសិកម្មទទួលបានផលល្អ តែពិបាករក កន្លែងលក់ដូរ។

ក្នុងសកម្មភាពនាំបន្លែសរីរាង្គមកលក់នៅទីផ្សារសាមគ្គីស្ទឹងត្រែង ថ្ងៃទី២៩តុលានេះ លោកស្រី សុ នា កសិករដាំបន្លែ នៅភូមិហាងខូសួន សង្កាត់សាមគ្គីបានបញ្ជាក់ថា៖បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែពីមន្ត្រីជំនាញ កសិកម្មនិងអង្គការដៃគូមក ក្រុមកសិករបាននាំគ្នាបង្កើតសួនបន្លែប្រចាំគ្រួសារ និងនាំគ្នាដាំបន្លែបានច្រើនមុខ តែនៅពេល នាំយកមកលក់នៅទីផ្សារសាមគ្គីស្ទឹងត្រែង ពិបាករកកន្លែងដាក់លក់។
លោកស្រីបន្តថា៖បងប្អូនកសិករយើងបានជួលមុខផ្ទះប្រជាពលរដ្ឋលក់ ក្នុងមួយថ្ងៃ១៥.០០០ទៅ២០.០០០រៀល ហើយខ្លះទៀតដាក់លក់នៅតាមដងផ្លូវ បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ហើយគាប់ជួនសមត្ថកិច្ច ដេញអូសរាត់រាយក៍មាន។
លោកស្រីគាំទ្រចំពោះគម្រោងឆេន ដែលបានបង្រៀនកសិករយើងឱ្យចេះជ្រើសរើសពួជទៅតាមរដូវកាល និងធ្វើតាម បច្ចេកទេសទទួលបានផលល្អនៅឆ្នាំនេះ គួបផ្សំនិងអាកាសធាតុអំណោយផលផង។
លោកអុំ សុ វ៉ាត កសិករនៅភូមិចម្ការលើទទួលការបណ្តុះបណ្តាលផ្នែកបច្ចេកទេសចិញ្ចឹមសត្វ ក៍បានសាទរផងដែរ ចំពោះគម្រោងនេះ ព្រោះបានធ្វើឱ្យគ្រួសារគាត់ដែលធ្លាប់តែពឹងផ្អែកទៅលើផលអនុផលព្រៃឈើនិងធ្វើនេសាទ ងាកមក ចិញ្ចឹមមាន់ទទួលបានជោគជ័យ។
លោកបន្តថា៖នៅពេលគាត់យកមាន់មកលក់ម្តងៗ អាចរកប្រាក់បានចាប់ពី៤០ម៉ឺនទៅ៦០ម៉ឺនរៀលក្នុងមួយសប្តាហ៍ ព្រោះមាន់មួយក្បាលលក់បានចាប់ពី២ទៅ៣ម៉ឺនរៀល។
លោកបន្តថា៖បច្ចុប្បន្នគាត់បានដើរតួជាអ្នកចិញ្ចឹមផង និង ជាអ្នកប្រមូលទិញយកមកលក់បន្តផង ដើម្បីជួយរកទីផ្សារ ជូនក្រុមកសិករដែលបានចិញ្ចឹមាន់នៅតាមសហគមន៍និងនៅស្រែចម្ការ។
លោក លី ដេត មន្ត្រីបច្ចេកទេសផ្នែកកសិកម្ម សហការជាមួយគម្រោងឆេនបានបញ្ជាក់ថា៖ឆ្នាំនេះកសិករយើង ផលិតបន្លែបានច្រើនជាងឆ្នាំកន្លងមក ដូចជា(ស្ពៃ -សាឡាដ៍- ត្រកួន -សណ្តែកកួរ -ននោង-ត្រឡាច-ត្រប់- ម្រះ-ម្ទេសប្លោក -ត្រសក់-ជាដើម) ដែលបានរុញច្រានបងប្អូនឱ្យងាកឆ្ងាយពីការពឹងផ្អែកលើផលអនុផលព្រៃឈើ និងកាត់បន្ថយការចុះទូក ធ្វើនេសាទត្រី។
សូមបញ្ជាក់ថា៖ មន្ទីរកសិកម្មខេត្តស្ទឹងត្រែង និងអង្គការដៃគូហៅកាត់ថា(គម្រោងឆេន) បានបង្កើតក្រុមកសិករដែលមាន លទ្ធភាពបានចំនួន៣០ក្រុម ក្នុងនោះក្រុមដាំជាអាជីពបាន១៣ក្រុម ពាក់កណ្តាលអាជីព១៧ក្រុម និងជាលក្ខណៈគ្រួសារជាង ៦០០គ្រួសារ ដែលមាននៅក្នុងស្រុកសេសាន- ស្រុកសៀមបូក- ស្រុកថាឡាបរិវ៉ាត់-និងក្រុងស្ទឹងត្រែង៕គឹមហឿនស្ទឹងត្រែង