ការអភិវឌ្ឍទីក្រុងវ័យឆ្លាត ត្រូវបានកំណត់ជាគោលដៅនៃគោលនយោបាយអភិវឌ្ឍន៍ទីក្រុងថ្មី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ —

តាមសេចក្តីរាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅពេលនេះរាជរដ្ឋាភិបាលកំពុងណែនាំនូវ គោលការណ៍ទីក្រុងវ័យឆ្លាតសម្រាប់កំណត់ជាអាទិភាពនូវការអភិវឌ្ឍទីក្រុងថ្មី ។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហើបនូវគោលនយោបាយនេះ នៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះ ស្តីអំពីការអភិវឌ្ឍទីក្រុងសៀមរាប ដែលពេលនេះកំពុងតែរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ។

ឯកឧត្តម ថោង ខុន បានថ្លែងថា “ទីក្រុងថ្មីនេះត្រូវតែរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) ប៉ុន្តែប្លង់គោលទីក្រុងទាំងមូលអាចនឹងត្រូវសិក្សារចនាច្បាស់លាស់ ។
ដោយឡែកទាក់ទងនឹងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឯកឧត្តម រដ្ឋមន្រ្តីបានអះអាងថា ជំនាញ បានដាក់ឆ្លងគណៈកម្មការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ហើយ ក្នុងនោះក្រសួងទេសចរណ៍ក៏កំពុងរៀបចំកែសម្រួលឱ្យវាខ្លីជាងមុន ដើម្បីដាក់ឆ្លងរាជរដ្ឋាភិបាល ពិនិត្យ និងអនុម័ត នៅពេលខាងមុខ។

លោករដ្ឋមន្ត្រីបានបន្តថា គោលដៅទេសចរណ៍ថ្មីចំនួន ៤ ធំៗបន្ថែមទៀតលើគោលដៅទេសចរណ៍ ២ ដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើង ក្នុងនោះរួមមានតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។

ផែនការអភិវឌ្ឍន៍ទីក្រុងវ័យឆ្លាតនេះ គឺជាផែនការដែលកម្ពុជានៅក្នុងនាមជារដ្ឋសមាជិកអាស៊ានយល់ព្រមប្រតិបត្តិតាម ការសម្រេចដោយមេដឹកនាំអាស៊ានកាលពីពេលកន្លងនៅក្នុងកិច្ចប្រជុំកំពូលមួយដែលសិង្ហបុរី គឺជាម្ចាស់ផ្ទះ៕

ដោយ ហេង បញ្ញា