ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងកសិកម្មចុះចែកពូជស្រូវដល់កសិករ២៩៨គ្រួសារដែល​រងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ

​AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០–

ប្រជាកសិករចំនួន២៩៨គ្រួសារនៅក្នុងខេត្តបន្ទាយមានជ័យដែលរងការខូតខាតដំណាំស្រូវដោយសារតែគ្រោះធម្មជាតិជំនន់ទឹកភ្លៀងបានជន់លិចបំផ្លិចបំផ្លាញត្រូវបានទទួលពូជ​ស្រូវស្រាលមិនប្រកាន់រដូវរបស់រាជរដ្ឋាភិបាលដើម្បីស្តារការដាំដុះឡើងវិញនៅពេលទឹកជំនន់បានស្រក។

​​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទរួមក្រុមការងារ ​ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះមកជួបសំណេះសំណាល និងបាននាំយកពូជស្រូវ ចំនួន ២៩៨០០គីឡូក្រាម មកចែកជូនដល់កសិករដែលរងគ្រោះចំនួន ២៩៨គ្រួសារ ក្នុង១គ្រួសារទទួលបាន១០០គីឡូក្រាម ដែលពិធីនេះបានរៀបចំនៅក្នុងបរិវេណវត្តចារ ភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គល បូរី ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០២០។
​​
លោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរាយការណ៍ឱ្យដឹងថាគិតមកដល់ថ្ងៃទី២៨ខែតុលាឆ្នាំ២០២០នៅខេត្តបន្ទាយមានជ័យផ្ទៃដីដំណាំស្រូវប៉ះពាល់ដោយ​ជំនន់ទឹកភ្លៀងនិងទឹកហូរធ្លាក់ពីប្រទេសថៃមានចំនួន ៧១ ៤៨៩ហិកតា(ស្រូវ ស្រាល ស្រូវដើមរដូវ ស្រូវកណ្តាល ស្រូវឡើងទឹក និងស្រូវធ្ងន់) ក្នុងនោះផ្ទៃដីខូចខាតមានចំនួន ១៥ ៧០៨ហិកតា។ ក្រៅពីដំណាំស្រូវ នៅមានដំណាំកសិ-ឧស្សាហកម្ម (ដំឡូងមី និងពោត ក្រហម) និងដំណាំបន្លែ សរុបផ្ទៃដីប៉ះពាល់មានចំនួន ១២ ៥៥៧ហិកតាក្នុងនោះផ្ទៃដីខូចខាតមានចំនួន ១ ០៤៤ហិកតា។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានគូសបញ្ជាក់ថា ក្នុងនាមដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមរំលែកទុក្ខជា មួយបងប្អូនជនរងគ្រោះដោយសារគ្រោះធម្មជាតិនៅទូទាំងប្រទេសនិងជាពិសេសបងប្អូននៅទូទាំងខេត្តបន្ទាយមានជ័យហើយសម្តេចតេជោក៏បានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឱ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ។សម្តេចបានលើកទឹកចិត្តជំរុញឱ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គតស៊ូព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវនិងដំណាំរួមផ្សំឡើងវិញបន្ទាប់ពីទឹកស្រកចុះ។ ហេតុនេះហើយ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន និងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោជាពូជស្រូវ និងថវិកា ២០ ០០០រៀលក្នុងមួយគ្រួសារ មកចែកជូនបងប្អូនប្រជាកសិករដើម្បីជួយសម្រាលនូវបញ្ហាជីវភាព និងស្តារផលិតកម្មស្បៀងឡើងវិញ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តគាំទ្រនិងជំរុញឱ្យប្រជាពលរដ្ឋចាប់ផ្តើមស្តារផលដំណាំឡើងវិញតាមគ្រប់រូបភាពជាពិសេសដំណាំស្រូវទៅតាមលទ្ធភាព ដោយមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដំណាំស្រូវ នាយកដ្ឋានសាកវប្បកម្ម ជួយសហការ និងត្រូវបន្តចុះមកវាយតម្លៃលើផលប៉ះពាល់ និងជំរុញផលិតកម្មស្បៀងឡើងវិញបន្ទាប់ពីទឹកស្រកចុះ។ ​ ​

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរ សហការជាមួយម្ចាស់ស្រែត្រូវចុះមើលថែដំណាំ និងការពារទឹកទុក ក្រែងជួបបញ្ហាខ្វះទឹកនៅចុងរដូវ។ ត្រូវជំរុញឱ្យកសិករដាំដំណាំរួមផ្សំ ចិញ្ចឹមមាន់ ត្រី និងកង្កែបដើម្បីធានាសន្តិសុខស្បៀងនាពេលអនាគត៕


ដោយ: ឈុន សារ៉ាត