ប្រមុខ​រាជរដ្ឋាភិបាល ថ្វាយ​ព្រះ​សព្ទសាធុការ​ពរជ័យ ព្រះករុណា​ព្រះមហាក្សត្រ​ ​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី​១៦​នៃ​ការយាង​គ្រង​ព្រះ​បរម​រាជសិរី​រាជសម្បត្តិ​

AKP ភ្នំពេញ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០
​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្ដី សិរី​វ​ឌ្ឍ​នា វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ថ្វាយ​ចំពោះ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ម​រម​នាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដ៏​មហា​សិរី​ម​ង្គ​លា​ភិរម្យ​ប្រសើរ​ថ្លៃថ្លា នៃ​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី ១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ដែល​ប្រព្រឹត្តទៅ​នៅ ថ្ងៃ​ព្រហស្បតិ៍ ១៣ កើត ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០២០​នេះ​។​

​នៅលើ​ផេ​ក​ផ្លូវការ នា​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ​បានសរសេរថា ក្នុង​ព្រះរាជ​វរោកាស​ដ៏​ឧត្ដុង្គឧត្ដម​ប្រសើរ​ថ្លៃថ្លា នៃ​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទូលព្រះបង្គំជាខ្ញុំ និង​ភរិយា សូម​ព្រះ​បរម​រាជានុញ្ញាត​ធ្វើ​អភិវន្ទន​កិច្ច ថ្វាយព្រះពរ​បវរ​មហា​ប្រសើរ និង​សូម​លើក​ហត្ថ​ទាំង​ទ្វេ​ប្រណម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក មាន​ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ទេវតា​ឆ្នាំ​ថ្មី ព្រះ​បារមី ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ និង​ដួង​ព្រះ​វិញ្ញានក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ សូម​តាម​បីបាច់​ថែរក្សា​ប្រោះព្រំ​សព្ទសាធុការពរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ មហាប្រសើរ​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ទ្រង់មាន​ព្រះរាជសុខភាព​បរិបូរណ៍ ព្រះរាជ​កាយពល​វិបុល​មាំមួន ព្រះ​បញ្ញាញាណ​ឈ្លាសវៃ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់ប្រថាប់​ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ ជា​ព្រះ​ម្លប់​សម្រាប់​អាណាប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​រូប​៕ ដោយ​៖ ជឹម ណា​រី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​