សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារលិខិត​ថ្លែងអំណរគុណ​នាយករដ្ឋមន្ត្រី​វៀតណាម​ ដែល​សម្ដែង​ការព្រួយាបារម្ភ អំពី​គ្រោះធម្មជាតិ​ទឹកជំនន់​នៅ​កម្ពុជា និង​ចូលរួម​សោកសង្រេង ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​ ​ប្រជាជន​វៀតណាម​ក្នុង​គ្រោះធម្មជាតិ​

AKP ភ្នំពេញ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ បាន​ផ្ញើ​សារ​លិ​ខ​ត​ជូន ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​សម្ដែង​ការព្រួយបារម្ភ អំពី​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​នៅ​កម្ពុជា និង​ចូលរួម​សោកសង្រេង ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​ប្រជាជន​វៀតណាម​ក្នុង​គ្រោះធម្មជាតិ​កាលពីពេល​ថ្មីៗ​កន្លងមក​នោះ​។​

​ក្នុង​សារលិខិត​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ខ្លឹមសារ​ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម ដែល​បានបង្ហាញ​នូវ​ក្តីបារម្ភ និង​សមាន ចិត្ត​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ក្នុងខណៈដែល​មានការ​បាត់បង់​ជីវិត និង​ការខូចខាត ទ្រព្យសម្បត្តិ​ដ៏​ធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​នៅ​កម្ពុជា​។ ខ្ញុំ​មាន​សេចក្តី​សោកសង្រេង​យ៉ាងខ្លាំង​ដែល​បានទទួល​ព័ត៌មាន​អំពី​ការបាត់បង់​អាយុជីវិត និង​ការបាត់​ខ្លួន​ប្រជាជន​ជាច្រើន​នាក់ ក៏ដូចជា​ការខូចខាត​ផលដំណាំ និង​ទ្រព្យសម្បត្តិ​ធ្ងន់ធ្ងរ នៅ ភាគ​កណ្តាល និង តំបន់​ខ្ពង់រាប​កណ្តាល ជាពិសេស​នៅ​ខេត្ត​ជឿ​ធាន​ហ្វី និង​ខេត្ត​ក្វាង​ជី នៃ ប្រទេស​វៀតណាម ដោយសារ​ទឹកជំនន់ និង​ការបាក់​ដី ដែល​បង្ក​មកពី​ឃ្លី​ន​ហ្វា និង​ណា​ង​ការ នាពេល​ថ្មីៗ​នេះ​»​។ សារលិខិត​បាន​គូសបញ្ជាក់ថា «​ក្នុង​គ្រា​ដ៏​លំបាក និង​សោកសៅ​នេះ តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជូន​ចំពោះ​ឯកឧត្តម និង​ប្រជាជន​វៀតណាម ជាពិសេស ក្រុមគ្រួសារ​នៃ​សព និង​ជនរងគ្រោះ​នៅក្នុង​គ្រោះមហន្តរាយធម្មជាតិ​ដ៏​អាក្រក់​នេះ​»​។​«​ខ្ញុំ​ជឿជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ខ្លាំងក្លា​របស់​ឯកឧត្តម ប្រទេស​វៀតណាម​នឹង​បាន​ប្រសើរឡើង វិញ​ពី​ការខូចខាត​ដែល​បង្ក​មកពី​គ្រោះធម្មជាតិ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។​

​គួរ​បញ្ជាក់ដែរថា ឯកឧត្ដម ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃទី​១៨ ខែតុលា​ឆ្នាំ​២០២០​បាន​ផ្ញើ​សារលិខិត​មួយច្បាប់​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថា «​ខ្ញុំ​មាន​ក្ដី​ព្រួយចិត្ត និង​បារម្ភ​យ៉ាងខ្លាំង​នាពេល​ទទួលដំណឹង​ថា ការអូសបន្លាយ​នៃ​ភ្លៀង​ខ្លាំង បានធ្វើឱ្យ​ខេត្ត​-​ក្រុង ជាច្រើន​របស់​ប្រទេស​កម្ពុជា​រង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ បង្ក​ជន​លិច និង​ការខូចខាត​ដ៏​ធ្ងន់​ដល់​មនុស្ស និង​ទ្រព្យសម្បត្តិ​ប្រជាជន​កម្ពុជា​»​។ «​ជំនួសមុខ​រដ្ឋាភិបាល​និង​ប្រជាជន​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ខ្ញុំ​សូម​ផ្ញើជូន​សម្ដេចនាយក​រដ្ឋមន្ត្រី អាជ្ញាធរ និង​ប្រជាជន​បណ្ដា​ខេត្ត​-​ក្រុង ដែល​រង​ផលប៉ះពាល់ ព្រមទាំង​បណ្ដា​ក្រុមគ្រួសារ​ដែលមាន​សមាជិក​រងគ្រោះថ្នាក់​ដោយ​អកុសល នូវ​ការសួរសុខទុក្ខ​ដោយស្មោះ​ស្ម័គ្រ និង​ជ្រាលជ្រៅ​បំផុត​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​មាន​ក្ដី​ជឿជាក់​ដ៏​មុតមាំ​ថា ក្រោម​ការដឹកនាំ​និង​យកចិត្តទុកដាក់​ខ្ពស់​ពី សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រជាជន​កម្ពុជា​នឹង​ជម្នះ​លើ​ការលំបាក​ទាំងនេះ និង​រក​ជីវភាព​ប្រក្រតី​ឡើងវិញ​នាពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខ​»៕ ដោយ​៖ ជឹម ណា​រី សម្រួលផ្សាយដោយ៖ ធូ កុសល​