ឯកឧត្តម មាស សុភ័ណ្ឌ សម្តែងការអបអរសាទរចំពោះក្រុមនិស្សិតកម្ពុជា ដែលទទួលបានជ័យលាភី អាហារូបករណ៍របស់រដ្ឋាភិបាលអូស្រ្តាលី និងនូវែលហ្សេឡង់

​ វិទ្យុជាតិកម្ពុជា:លោកចេមហួត


ភ្នំពេញ: ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពី ព្រឹកថ្ងៃទី២៨ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល អូស្រ្តាលី និងនូវែលហ្សេឡង់ចំនួន២៧រូបចូលជួបសម្តែងការគួរសម។
នៅក្នុងឱកាសនោះ ឯកឧត្តម មាសសុភ័ណ្ឌ បានផ្តាំផ្ញើនិងលើកទឹកចិត្តដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ឱ្យខិតខំរៀនសូត្រ យកចំណេះដឹងថ្មីៗតាមជំនាញរៀងៗខ្លួន ដើម្បីយកមកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងនាមឯកឧត្តម ខៀវ កាញារីទ្ធ ឯកឧត្តម មាស សុភ័ណ្ឌបានជំរុញដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ ដែលត្រូវទៅ បន្តការសិក្សានៅប្រទេសទាំងពីរនោះ ត្រូវឆ្លៀតឱកាសពន្យល់ដល់មិត្តបរទេសពីស្ថានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច នយោបាយ វប្បធម៌ និង បញ្ហាសន្តិភាពនៅប្រទេសកម្ពុជា តាមតែអាចធ្វើទៅបានដើម្បីឱ្យអន្តរជាតិបានដឹង និងស្គាល់ ប្រទេសកម្ពុជាកាន់តែច្បាស់ ជាប្រយោជន៍លើកមុខមាត់និងទាក់ទាញអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើន។
លោក ទៀប សត្ថា តំណាងនិស្សិតជ័យលាភីអាហារូបករណ៍ បានប្តេជ្ញា ថានឹងខិតខំរៀនសូត្រយកចំណេះដឹងថ្មីៗ យកមកចូលរួមអភិឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
លោកបានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលី និងនូវែលហ្សេឡង់ ឆ្នាំ២០២០នេះ ក្រុមទី២មានចំនួន២៧រូប ក្នុងនោះស្រ្តី១១រូប ដែលមានសមាសភាពជាមន្ត្រីរាជកា បុគ្គលិកក្រុមហ៊ុន និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ដោយគ្រោងនឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅតាម សាកលវិទ្យាល័យផ្សេងៗនៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់នៅខែមករា ឆ្នាំ២០២១ខាងមុខ។
សូមបញ្ជាក់ថា កម្មវិធីអាហារូបករណ៍ដែលផ្តល់ដោយរដ្ឋាភិបាលអូស្រ្តាលី និងនូវែលហ្សេឡង់នេះ មានគោលបំណង ចូលរួមអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាល កម្រិតថ្នាក់ក្រោយ ឧត្តមសិក្សា លើគ្រប់វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការគ្រប់គ្រងដីធ្លី សេវាសាធារណៈ បច្ចេកវិទ្យា អប់រំ និងវិស័យកសិកម្ម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕​