ក្រសួងវប្បធម៌សហការជាមួយក្រសួងធម្មការ នឹងត្រួតពិនិត្យបច្ចេកទេសខ្លឹមសារគំនូរតាមវត្តអារាមឱ្យត្រឹមត្រូវតាមពុទ្ធប្រវត្តិ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

MC៖ ក្រសួងវប្បធម៌ នឹងសហការជាមួយក្រសួងធម្មការ ដើម្បីត្រួតពិនិត្យបច្ចេកទេស និងខ្លឹមសារលើការគូរគំនូរបុរាណ នៅក្នុងព្រះវិហារតាមវត្តអារាម ដើម្បីធានាឱ្យត្រឹមត្រូវតាមក្បួនខ្នាត ខណៈដែលនៅតាមទីវត្តអារាមមួយចំនួនតូច បានគូរគំនូរខុសពីអត្ថន័យពុទ្ធប្រវត្តិ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  បានមានប្រសាសន៍ឱ្យដឹងថា  ចាប់តាំងពីសម័យឧដុង្គ និងអាណានិគមនិយមបារាំងមក វត្តអារាមព្រះពុទ្ធសាសនា គឺមានការរីកចម្រើន ជាពិសេសក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ហើយព្រះវិហារនានា ត្រូវបានសាងសង់ឡើង មានទម្រង់ចរឹតជាខ្មែរត្រឹមត្រូវក្បួនត្រូវខ្នាតល្អវិចិត្រ ប៉ុន្តែដោយមានការអភិវឌ្ឍច្រើនបែបនេះ បានធ្វើឱ្យគំនូរបុរាណ នៅតាមព្រះវិហារ វត្តអារាម ប្រឈមទៅនឹងការបាត់បង់ពីទម្រង់ដើម ធ្វើឱ្យក្មេងជំនាន់ក្រោយៗមានការយល់ខុស។ 

ឯកឧត្តមបានបញ្ជាក់ថា ដោយមើលឃើញពីបញ្ហាប្រឈមនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  បានសហការជាមួយ ក្រសួងធម្មការនិងសាសនា រួមគ្នាពង្រឹងការអភិរក្សវិស័យគំនូរបុរាណនៅតាមព្រះវិហារ តាមទីវត្តអារាមឡើងវិញ ជាពិសេសគំនូរព្រះដែលគូរនៅតាមទីវត្តអារាម គឺមានអត្ថន័យត្រឹមត្រូវតាមពុទ្ធប្រវត្តិ។ 

ឯកឧត្តម​បញ្ជាក់​ថា​ « ខ្ញុំឃើញគំនូរខ្លះ គូរគឺគ្មានក្បួននោះទេ ហេតុតែថាគ្មានក្បួនគ្មានខ្នាត ពីព្រោះជួនកាលដូចជា រូបព្រះត្រាស់ បែរជានៅក្រោមដើមឬស្សីទៅវិញ អ៊ីចឹងវាអត់ទំនង វាមិនត្រូវតាមក្បួនអភិរក្ស ហើយ៥០ឆ្នាំហើយ ដែលយើងមានការខុសឆ្គង ភាន់ច្រឡំ។ហើយនៅពេលចង់អភិវឌ្ឍទៅជារូបព្រះត្រាស់វិញ ដូច្នេះយើងត្រូវមើលខ្នាត មើលក្បួន ពីព្រោះគំនូរបុរាណ មានខ្នាត មានក្បូន សមហេតុផល  បើគេនិយាយអំពីគំនូរពីសិល្បះរបស់ខ្មែរ គឺយើងមិនអាច Update អ្វីឱ្យខុសឆ្គងនោះទេ»។ 

ឯកឧត្តមបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវ អំពីប្រវត្តិសិល្បៈ នៅតាមប្រាសាទ និងតាមវត្តអារាមចំណាស់នានាបានបញ្ជាក់ ឱ្យយើងដឹងពីការអភិវឌ្ឍនៃទម្រង់សិល្បៈទៅតាមសម័យកាលនីមួយៗ និងផ្លាស់ប្ដូររចនាបថសិល្បៈ ពីសតវត្សរ៍ មួយទៅ សតវត្សរ៍ មួយទៀត ប្រកបដោយទេពកោសល្យ និងបញ្ញាញាណរបស់បុព្វបុរសខ្មែរ៕