មន្ទីរកសិកម្មខេត្តព្រះវិហារ ចុះចាក់វ៉ាក់សាំងគោ-ក្របីជូនប្រជាពលរដ្ឋនៅស្រុកឆែប ដើម្បីការពារពីជំងឺអុតក្តាមនិងសារទឹក ក្រោយពេលទឹកស្រក

វិទ្យុជាតិកម្ពុជា ៖​ អត្ថបទ វ៉ែន សុវុទ្ធី


MC: មន្ទីរកសិកម្មខេត្តព្រះវិហារបាន ចុះចាក់វ៉ាក់សាំងគោ-ក្របីជូនប្រជាពលរដ្ឋនៅស្រុកឆែប ដើម្បីការពារពីជំងឺអុតក្តាម និងសារទឹក ក្រោយពេលទឹកស្រក ដើម្បីធ្វើយ៉ាងណាកុំឱ្យគោ-ក្របីរបស់ប្រជាពលរដ្ឋ បន្តឈឺ ឬងាប់ ដែលនាំឱ្យមាន ផលប៉ះពាល់ដល់ចំណូលក្នុងគ្រួសារ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារបានឱ្យដឹងថា អាជ្ញាធរខេត្ត បានសហការ ជាមួយភ្នាក់ងារពេទ្យសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម សារទឹក ដល់គោ-ក្របីជូនពលរដ្ឋ នៅស្រុកឆែប បានចំនួនជាង៥០០ក្បាល ដើម្បីទប់ស្កាត់ កុំឱ្យមានការឆ្លងរីករាលដាលជំងឺនានាដល់សត្វពាហនៈរបស់ប្រជាកសិករ ។ លោកបានបន្តថា ការចាក់ថ្នាំការពារជំងឺសត្វគោ-ក្របីនេះ ត្រូវធ្វើឡើងតាមរយៈមន្រ្តីជំនាញ ចុះទៅដល់មូលដ្ឋានផ្ទាល់ ឬតាមរយៈភ្នាក់ងារពេទ្យសត្វ តាមភូមិ ហើយរាល់ការចាក់វ៉ាក់សំាងនេះ ពុំបានតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ឡើយ ។
លោក​បញ្ជាក់​ថា​ «ទាក់ទងនឹងគោ-ក្របីហ្នឹងយើងធ្វើជាប្រចាំ ហើយយើងមានកសិកម្មគ្រប់ស្រុក ហើយយើងមានភ្នាក់ងារផ្សព្វផ្សាយ ឃុំ យើងបានធ្វើការអប់រំផ្សព្វផ្សាយធ្វើម៉េចឱ្យបងប្អូនយើងមានការចិញ្ចឹមគោ-ក្របី ឱ្យមានការចូលរួមជាពិសេសការធ្វើ វ៉ាក់សាំង ដូចជាវ៉ាក់សាំងអុតក្តាម ជាទូទៅនៅខែវស្សានៅរដូវភ្លៀងធ្លាក់ជាប់វាកើតជំងឺហ្នឹង។អ៊ីចឹងមុននឹងយើងធ្វើការផ្សព្វផ្សាយគាត់ចុះអប់រំណែនាំក៏ដូចជាផ្តល់វ៉ាក់សាំងជូនពួកគាត់ទាក់ទងជំងឺអុតក្តាមហ្នឹងជាពិសេសមែនទែនទៅការថែទាំថែរក្សាការពារគោ-ក្របីរបស់ពួកគាត់ហ្នឹង។ហើយជំងឺអុតក្តាមដែលវាកើតឡើងនៅរដូវភ្លៀងធ្លាក់ប៉ុន្តែជំងឺអុតក្តាមនេះវាមិនបណ្តាលឱ្យគោ-ក្របីស្លាប់ស្រួចស្រាល់ទេ»។
លោក សុង នួន ជាប្រជាពលរដ្ឋរស់នៅ ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែបខេត្តព្រះវិហារ បានគាំទ្រចំពោះវិធានការចាក់ វ៉ាក់សំាងគោ-ក្របីនេះថាជាវិធានការល្អប្រសើរ ដើម្បីការពារទុកជាមុនកុំឱ្យកើតជំងឺផ្សេងៗ។លោកបញ្ជាក់ថា វិធានការនេះ គឺបានជួយសម្រាលការលំបាករបស់ប្រជាកសិករ កុំឱ្យសត្វពាហនៈទំាងនោះងាប់នាំឱ្យបាត់បង់ចំណូលសេដ្ឋកិច្ចគ្រួសារ ។
សូមបញ្ជាក់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្ត នឹងបន្តចាក់វ៉ាក់សាំងការពារជំងឺគោ-ក្របីនៅស្រុកចំនួន៨និងក្រុង១ នៅទូទាំងខេត្តព្រះវិហារជាបន្តទៀត៕