វចនានុក្រមជាតិខ្មែរថ្មី គ្រោងបោះពុម្ពផ្សាយនៅឆ្នាំ ២០២២

​ វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា


MC៖ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បញ្ជាក់ថា កំណែទម្រង់នូវវចនានុក្រមជាតិខ្មែរថ្មីគ្រោងបោះពុម្ភផ្សាយនៅឆ្នាំ២០២២ ដើម្បីជួយដល់ប្រជាពលរដ្ឋ អាចស្វែងរកនូវពាក្យបច្ចេកទេសថ្មីៗសមស្រប ជាមួយនិងការអភិវឌ្ឍប្រទេសជាតិ ក្នុងពេល បច្ចុប្បន្ននេះ ។

ឯកឧត្តម បណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុង វចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជ ជួន ណាត មានពាក្យប្រមាណជាង១ម៉ឺន៨ពាន់ពាក្យ ហើយឥឡូវនេះគឺមានការថែម ប្រហែលជាង៧ពាន់ពាក្យទៀត ហើយពាក្យទាំងនោះ ជាពាក្យដែលគេប្រើប្រាស់ជាទូទៅ ពាក្យដែលប្រើប្រាស់ប្រចាំថ្ងៃ និងពាក្យដែលពាក់ព័ន្ធនឹងបច្ចេកទេស។ ឯកឧត្តមបានបន្តថា តាមរយៈនៃការវិវត្តន៍នេះក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានធ្វើកំណែទម្រង់ផងដែរ ទាក់ទងនិងវេយ្យាករណ៍ខ្លះៗ តាមក្រសួងអប់រំ យុវជននិងកីឡា ដោយបញ្ជូលទៅក្នុងវចនានុក្រមថ្មីនោះ។ ឯកឧត្តម បន្ថែមថា ការបន្ថែមនូវពាក្យថ្មីៗនេះ វាមានសារប្រយោជន៍ខ្លាំងណាស់ ឱ្យស្របតាមការរីកចំរើននៃសង្គមជាតិ ខណៈដែលអាចឱ្យប្រជាពលរដ្ឋស្វែងរកពាក្យថ្មីៗដែលពួកគាត់មិនទាន់យល់និងមិនទាន់ដឹងក្នុងពេលបច្ចុប្បន្ន ។ វចនានុក្រមជាតិខ្មែរថ្មីមួយនេះ បានរៀបចំយ៉ាងលម្អិត មានសុក្រឹត្យភាព មានសេចក្តីពន្យល់ខ្លឹមសារពាក្យពេចន៍ថ្មីៗ និងមានការឯកភាពជាតិ ដើម្បីប្រើប្រាស់ផ្លូវការថ្នាក់ជាតិតែម្តង។
«យើងគិតថាពាក្យដែលយើងប្រើប្រាស់សព្វថ្ងៃនេះ គឺយើងអាប់ដេតឱ្យទាន់សម័យថា សម័យយើងនេះមានពាក្យថ្មីៗច្រើនទៀតដើម្បីឱ្យទាន់ពេលវេលា ។ ពីមុនយើងធ្វើវចនានុក្រុមចង់៥០ឆ្នាំហើយ យើងអត់ដែលដាក់ពាក្យថ្មីចូល ឥលូវយើងដាក់ពាក្យថ្មីដែលនិយមគេប្រើប្រាស់ចូល ដូចជា ពាក្យខាងច្បាប់ដែលមានតិចពីមុន ឥលូវមានច្រើន ។ អ៊ីចឹងគិតថា យើងបង្កើនចំណេះដឹងរបស់ប្រជាពលរដ្ឋទៅលើចំណេះដឹងទូទៅផងយើងនឹងរកវិធីដើម្បីសម្រួលអក្ខរាវិរុទ្ធថាប៉ុណ្ណាដែលយើងសម្រួលគ្នាបានហ្នឹង ដើម្បីជាគុណប្រយោជន៍សម្រាប់ធ្វើឌីជីថលនាយកម្មភាសាយើងហ្នឹង »។
ឯកឧត្តម សង្ឃឹមថា ការកំណែទំរង់នូវវចនានុក្រមជាតិខ្មែរនេះ នឹងបញ្ចប់តាមផែនការដែលបានគ្រោងទុករយៈពេល៥ឆ្នាំ ត្រឹមឆ្នាំ២០២២ ហើយគ្រោងនឹងបង្កើតជាកម្មវិធីដាក់ក្នុងទូរស័ព្ទដៃនិងកុំព្យូទ័រផងដែរ ។គួរជម្រាបថា វចនានុក្រមខ្មែរ ដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះ បានរៀបចំចងក្រង តាំងពីឆ្នាំ ១៩១៥ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ដោយអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ បរទេស ជាច្រើនរូប ចូលរួមតាក់តែង រួមទាំង សម្ដេចព្រះសង្ឃរាជ ជួន ណាត ផងដែរ ។ ដោយហេតុតែសម្ដេចព្រះសង្ឃរាជ ជួន ណាត ខំតស៊ូអស់រយៈពេល ៥៣ឆ្នាំ ដើម្បីស្រាវជ្រាវ និពន្ធ និងធ្វើការងារជាប់លាប់ ហូរហែ រហូតបង្កើតវចនានុក្រមខ្មែរនេះ បោះពុម្ពជា ចុងក្រោយ នៅឆ្នាំ ១៩៦៧ ដល់ ១៩៦៨ មុនពេល ព្រះអង្គចូលទិវង្គតមួយឆ្នាំ ទើបប្រជាពលរដ្ឋខ្មែរទូទៅ នាំគ្នាហៅ វចនានុក្រមនេះ ថា វចនានុក្រមសម្ដេច ជួន ណាត ។
សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ លើអនុក្រឹត្យមួយ ស្តីពីការតែងតាំង សមាសភាព គណៈកម្មាធិការជាតិរៀបចំវចនានុក្រមជាតិខ្មែរ ឡើងវិញ ដើម្បីបំរើឱ្យផលប្រយោជន៍សង្គម៕