ក្រសួងសុខាភិបាល បន្តណែនាំឱ្យប្រជាពលរដ្ឋថែទាំសុខភាព ទោះបីទឹកជំនន់ស្រកទៅវិញក៏ដោយ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា 

ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងសុខាភិបាល បន្តណែនាំឱ្យប្រជាពលរដ្ឋថែទាំសុខភាព ទោះបីទឹកជំនន់ស្រកទៅវិញក៏ដោយ ដើម្បីកុំឱ្យមានការឆ្លងរីករាលដាលជំងឺផ្សេងៗ ។

ឯកឧត្តម វេជ្ជបណ្ឌិត ហុក គឹម  ចេង អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល បានប្រាប់វិទ្យុជាតិកម្ពុជាថា                    ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋ ឱ្យការពារសុខភាព តាមរយៈការទទួលទានស្អាត  រស់នៅស្អាត និង មិនត្រូវប៉ះគ្រឿង អគ្គិសនីនៅពេលដៃសើម ឬ ក៏កំពុងឈរនៅក្នុងទឹក ។ ត្រូវប្រុងប្រយ័ត្នចំពោះកុមារ តូចៗ ពីសត្វអសិរពិសដូចជាខ្ទួយ ក្អែប និងពស់ ព្រមទាំងត្រូវស្លៀកពាក់ឱ្យបានជិត ដើម្បីការពារមូសខាំជាដើម។ 

ឯកឧត្តមបានបន្តថា ក្រោយពីទឹកស្រកទៅវិញ ប្រជាពលរដ្ឋគួរគប្បីទៅរៀបចំផ្ទះ និងស្ដារឡើងវិញនូវបង្គន់អនាម័យ និងអណ្ដូងទឹកឱ្យបានស្អាតជាមុនសិន ដើម្បីរក្សាបាននូវអនាម័យ ចៀសផុតពីជំងឺផ្សេងៗ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល តែងតែអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នលើបញ្ហាសុខភាព អំឡុងពេល និងក្រោយពេលជំនន់ទឹកភ្លៀងនេះ ដើម្បីបង្ការនូវជំងឺផ្សេងៗ ដូចជាជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លងដទៃទៀត៕​