អភិបាលខេត្តកែប ជំរុញដល់ក្រុមអាជីវករលក់ដូរ តាមមាត់ឆ្នេរទាំងអស់ ត្រូវចូលរួមរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីជួយទ្រទ្រង់វិស័យទេសចរណ៍

AKP កែប ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០–

​ដើម្បីរក្សាសោភណភាពក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់តាមមាត់ឆ្នេរកម្សាន្ត នៅ តំបន់ទេសចរណ៍ឆ្នេរកែប ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះ ព្រះខែនាពេលខាងមុខ អភិបាលខេត្តកែប បានជំរុញដល់ក្រុមអាជីករលក់ដូរនៅតាម បណ្តោយឆ្នេរក្នុងរមណីយដ្ឋានខេត្តកែបទាំងមូល ឱ្យចូលរួមសហការដើម្បីរៀបចំសណ្តាប់ ធ្នាប់របៀបរៀបរយនៅតាមបណ្តោយមាត់ឆ្នេរឱ្យបានល្អប្រសើរ ដើម្បីទទួលបដិសណ្ឋារកិច្ច ជូនភ្ញៀវទេសចរ។

​ការជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងរៀបចំសណ្តាប់ធ្នាប់ សាធារណៈ កាលពីរសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំសាលា ខេត្តកែប ក្រោមវត្តមាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប និងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត និងក្រុមអាជីវករលក់ដូរនៅតាមបណ្តោយឆ្នេរផងដែរ។

​នៅក្នុងកិច្ចប្រជុំ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសំណូមពរដល់ ក្រុមអាជីវករលក់ដូរ និងម្ចាស់ហាង រាប់ទាំងអាហារដ្ឋាន និងភោជនីយដ្ឋានផងដែរ ត្រូវបន្ត ចូលរួមសហការក្នុងការកែលម្អសោភណភាព រក្សាអនាម័យ ពិសេសការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយឱ្យបានល្អ ដោយមិនអនុញ្ញាតឱ្យក្រុមអាជីវករណាក្រាលកន្ទេលនៅតាម ចិញ្ចើមផ្លូវសាធារណ:ត្រង់ចំណុចទីប្រជុំជន ដែលជាកត្តាមួយធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កឱ្យមានការកកស្ទះចរាចរណ៍នោះឡើយ៕ ដោយប្រាក់ លាង