ឯកឧត្តម ឃួង ស្រេង នាំយកអំណោយរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះនៅខណ្ឌដង្កោ

 

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក​ ហុក​ សុខរិន​ និង​ លោក​ ចន​ ណារិទ្ធ​

ភ្នំពេញ ៖  បន្ទាប់ពីអមដំណើរថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១០៤០គ្រួសារនៅខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ រួចមក នៅព្រឹកថ្ងៃទី ២៨ខែតុលាដដែល ឯកឧត្តម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ  បានបន្តនាំយកអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវទឹកប្រាក់ចំនួន ៨០០០ដុលា្លរ ជូនដល់ជនរងគ្រោះដោយភ្លើងឆេះផ្ទះអស់១ខ្នង  និងចំនួន៣លានរៀលដល់ប្រជាជនមួយគ្រួសារទៀតដែល ឆេះជញ្ជាំងផ្ទះ នៅភូមិវាលថ្លាន់ តាមដងស្ទឹងព្រែកត្នោត ខណ្ឌដង្កោ  ក្នុងអំឡុងពេល ដែលទឹកកំពុងជន់លិចភូមិជាង១០ថ្ងៃ កន្លងមកនេះ ។

 អំណោយនេះគឺជាការចូលរួមរំលែកដល់ការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋដែលរងគ្រោះ ក្រីក្រ ហើយជាប់ទាំងបំណុល ធនាគារថែមទៀត និងម្យ៉ាងទៀតដើម្បីឱ្យពួកគាត់មានលទ្ធភាពអាចសាងសង់ផ្ទះបានស្នាក់នៅឡើងវិញ។

      ប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះលំនៅឋានខាងលើនេះមាន ឈ្មោះព្រិល ស៊ីដេត អាយុ ៣៧ឆ្នាំត្រូវជាប្ដីនិងប្រពន្ធឈ្មោះ ផា សោភា អាយុ ៣៤ឆ្នាំ មានមុខរបរជាអ្នកលក់នំប៉័ងប៉ាតេ ស្នាក់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ  ។ បន្ថែមពីលើនេះទៀត ឯកឧត្តម  ឃួង ស្រេង និង លោកជំទាវ បានប្រគល់នូវថវិការបស់សម្ដេចតេជោនិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតនូវទឹកប្រាក់ចំនួន ៣លានរៀលថែមទៀត សម្រាប់ប្រជាពលរដ្ឋរងគ្រោះមួយរូបទៀត ឈ្មោះព្រិល សីហា ភេទប្រុសអាយុ២៨ឆ្នាំ ដែលត្រូវភ្លើងឆេះជញ្ជាំងផ្ទះ ក្នុងហេតុការណ៍នេះផងដែរ៕​