ឯកឧត្តម គួច ចំរើន អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនដែលបានឧបត្ថម្ភដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងប្រជាពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗ នៅទីស្នាក់ការសា ខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់ លេខ៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា សភាពាណិជ្ជកម្មខេត្ត និងក្រុមហ៊ុន ដែលបានចូលរួមការងារសង្គម ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ  ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» នេះជាសកម្មភាពមនុស្សធម៌ជួយដល់ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង គ្រោះធម្មជាតិនានា និងប្រជាពលរដ្ឋក្រីក្ររង ផលប៉ះពាល់នឹងជំងឺ Covid-19 ក្នុងខេត្តព្រះសីហនុ និងថ្លែងអំណរគុណដល់សប្បុរសជនតែងតែបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមខេត្ត ព្រះសីហនុ មានលទ្ធភាពចែកជូនប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា នេះគឺជាទឹកចិត្ត មនុស្សធម៌ក្នុងការចែករំលែកជួយដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

ឯកឧត្តម គួច ចំរើន សង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ លោកឧកញ៉ា ក្រុមហ៊ុន និងសប្បុរសជននឹងបន្តសកម្មភាពមនុស្សធម៌ឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការចែក ជូនប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តព្រះសីហនុបន្តទៀត។

អំណោយរបស់លោកឧកញ៉ា លោក លោកស្រី ក្រុមហ៊ុន និងសភាពាណិជ្ជកម្មខេត្ត រួមមាន អង្ករ ៣៣តោន មី ៥២កេសធំ ត្រីខ ២០កេសធំ ទឹកសុទ្ធ ១២០កេស របាំងមុខការពារជំងឺឆ្លងចំនួន៥៤  និងថវិកា ២,០០០ដុល្លាអាម៉េរិក ៕ ដោយ ងូសុមុនី