ឯកឧត្តម គន់ គីម បន្តនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋជិត​៤០០០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០–

​ឯកឧត្តម គន់ គីម អនុប្រធាន​ទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ ​រួមនឹងក្រុមការងារគ្រប់ជាន់ថ្នាក់បានបន្តចុះនាំយកអំណោយ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទៅចែកជូន​ប្រជាពលរដ្ឋ​ចំនួន​ជិត​៤000​គ្រួសារ ដែល​រង​គ្រោះ​ដោយជំនន់ទឹកភ្លៀង ក្នុង​ស្រុក​ព្រះ​នេត្រព្រះ ខេត្តបន្ទាយ​មាន​ជ័យ ​កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។

​អំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេជោ ហ៊ុន សែន ​ ​ជាគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួនដែលត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម យកទៅចែកជូន ប្រជាពលរដ្ឋរង គ្រោះដោយជំនន់ទឹកភ្លៀងនាពេលនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ១កេសធំ, ឃីត១ (មុង១ ភួយ១ ខ្នើយ១ ក្រមា១ កន្ទេល១) និងថវិកា ៥ម៉ឺនរៀល។

​ឯកឧត្តម គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា នេះជាការងារចំពោះមុខលើការងារ ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ដែលមាន​ពលរដ្ឋជាង ៤ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយមកអន្តរាគមន៍ជាបន្ទាន់ នូវស្បៀងអាហារ និងសម្ភារបន្ទាន់ជាង ៤ម៉ឺនគ្រួសារនេះ។

​ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានពាំនាំនូវប្រសាសន៍ផ្តាំ សាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យនេះ។ ឯកឧត្តមក៏សូមសម្តែង នូវការចូលរួមពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងជាង៤ម៉ឺន គ្រួសារ និងចូលរួមរំលែកទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹក ជំនន់នេះផងដែរ។
​ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបន្តទៀតថា ក្នុងកាលៈទេសៈនេះយើងត្រូវរួមគ្នា ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផង រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង។ ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះ ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវការពារខ្លួនជាប់ជាប្រចាំ ជាពិសេសការអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។

​​ជាមួយនោះដែរឯកឧត្តមគន់គីម ​បានថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តីតាមរយៈរាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាជនដែលកំពុងរងគ្រោះដោយគ្រោះ​ធម្មជាតិនេះ។​ ​​ឯកឧត្តមក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះ​ពលរដ្ឋនៅតំបន់រងគ្រោះ ដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិង​ទូលំទូលាយនៃជាតិយើង។

​របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ហាញឱ្យដឹងថា ផលប៉ះពាល់ ដោយគ្រោះជំនន់ទឹកភ្លៀង នឹងទឹកធ្លាក់ពីប្រទេសថៃ គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បាន​ប៉ះពាល់ដល់៩ ស្រុក ក្រុង ប្រជាពលរដ្ឋប៉ះពាល់៤៧៧១៤គ្រួសារ បណ្តាលឱ្យស្លាប់២៦នាក់​ជម្លៀសទៅកាន់ទីសុវត្ថិភាព៥៤៩១គ្រួសារ ស្រូវ៦៦០៩៩ហិកតា ដំឡូងមី១២៦៨៧ហិកតា ​ដំណាំរួមផ្សំ៦៧៧ហិកតា ទឹកហូរកាត់ផ្លូវ៩៦៥កន្លែង ប្រវែង៦៩៦០០៩ម៉ែត្រ និងហេដ្ឋារចនា​សម្ព័ន្ធមួយចំនួនទៀតផង៕ ដោយ៖ឈុនសារ៉ាត