អគ្គលេខាធិការ​នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ យើងរួមគ្នាធ្វើដំបូលប្រក់ទឹកភ្លៀង​ ប្រសើរជាងបោសទឹកភ្លៀង​ ក្នុងការងារប្រយុទ្ធនឹងអេដស៍-គ្រឿង​ញៀន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម​ឱសថការី​ ឈឹម​ ឃិនដារ៉េត​ អគ្គលេខាធិការ​នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ​អេដស៍​បានគូសបញ្ជាក់ថា យើងរួមគ្នាធ្វើដំបូលប្រក់ទឹកភ្លៀងប្រសើរជាងបោសទឹកភ្លៀង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងគ្រឿងញៀន។ ការលើកឡើងនេះ​ ក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សាបច្ចេកទេសលើកទី៩​ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ​នៅព្រឹកថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ​២០២០។ នេះបើយោងតាមអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

ឯកឧត្តម​ ឈឹម​ ឃិនដារ៉េត​ បានបញ្ជាក់ថា​បច្ចុប្បន្ននៅកម្ពុជាមានអ្នកផ្ទុក​មេរោគ​អេដស៍ចំនួន ៧៣ ០០០ នាក់​ អត្រាប្រ៉េវ៉ាឡង់០.៥ភាគរយ ក្នុងនោះចំនួនអ្នកឆ្លងមធ្យម​ប្រចាំ​ឆ្នាំមានចំនួន៧៨០នាក់​ និងចំនួនអ្នកស្លាប់ប្រចាំឆ្នាំមានចំនួន១៣០០នាក់។ ​ឯកឧត្ដមបានកត់សម្គាល់ឃើញថា ចំពោះការទុកចិត្តលើដៃគូជាងមុន​ ការធ្លាក់ចុះនូវការ​ប្រើ​ស្រោមអនាម័យ​ នាំមកនូវការព្រួយបារម្ភពី​ការកើនឡើងនៅអត្រាឆ្លងមេរោគអេដស៍​ទៅលើគោលដៅស្រ្តីបម្រើនូវសេវាកម្សាន្តសប្បាយ​។

លោកវេជ្ជ​បណ្ឌិត​ ឡាន​ វណ្ណសេង​ អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ​នឹងជំងឺ​អេដស៍​ សើស្បែក​ និងកាមរោគ​ នៃក្រសួងសុខាភិបាល​បានលើកឡើងថា បើតាមការ​ព្យាករណ៍អ្នកឆ្លងមេរោគអេដស៍​ និងកាមរោគលើក្រុមប្រឈមមុខខ្ពស់ឆ្នាំ២០១៩នេះ​គឺ​ លើ​បុរសរួមភេទជាមួយបុរស​មានចំនួន ៨៧ ៨១៧ នាក់​ និងអ្នកកែភេទមានចំនួន ៦ ៣០០ នាក់។

បើតាមលោកឧត្តមសេនីយ៍ទោ​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និង ស្តារនីតិសម្បទា​ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​បាន​ថ្លែង​អរគុណដល់ភាគីពាក់ព័ន្ធដែលចូលរួមជួយការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយនៅ​ក្នុងឆមាសទី១​ ឆ្នាំ២០២០នេះ​កម្ពុជាគ្រប់គ្រងអ្នកញៀនគ្រឿងញៀនមាន​ចំនួន ១២ ៩៤២ នាក់​ ធ្វើការព្យាបាលបានជាសះស្បើយ​ សមាហរណកម្ម​ នៅសល់ចំនួន ៤ ០៦៣ នាក់​កំពុងបន្តព្យាបាល​។ លោកឧត្ដមសេនីយ៍ទោបានបន្ដថា ជាមួយនឹងការងារកាត់បន្ថយ​គ្រោះថ្នាក់ បានអនុញ្ញាតឱ្យអង្គការពីរអនុវត្តផ្តល់ម្ជុល-ស៊ីរ៉ាំង​ដល់អ្នកប្រើគ្រឿងញៀន​ដោយ​ចាក់បានចំនួន៦០២នាក់។

ឯកឧត្តម​ ឈឹម​ ឃិនដារ៉េត​ បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំង​អស់ដែល​បានខិតខំរួមគ្នាប្រយុទ្ធនឹងជំងឺអេដស៍ដើម្បីសុវត្ថិភាពខ្លួនឯង​ ក្រុមគ្រួសារ​ និងសង្គមជាតិ​ ជាពិសេសសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់សូមបន្តការចូលរួមបន្ថែមទៀតដើម្បីសម្រេចគោលដៅរួមរបស់យើង​ “​ធ្វើដំបូលប្រក់ទឹកភ្លៀង​ ប្រសើរជាងបោសទឹកភ្លៀង​ និងរួមគ្នា​ការ​ពារ​ប្រសើរជាងព្យាបាល​” ក្នុងការងារប្រយុទ្ធនឹងអេដស៍​ -គ្រឿង​ញៀន៕ដោយ ឡុង ស៊ីវ៉ាន់