សម្តេចប្រមុខរដ្ឋស្តីទី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០–
​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ បេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ដោយបានខិតខំរួមចំណែក យ៉ាងធំធេងក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

នៅក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម មៃខើល តាន់ កេង ស៊ីង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅ វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែតុលានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានវាយតម្លៃខ្ពស់ផងដែរដោយកត់ សម្គាល់ ឃើញថា ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំ ព្រះរាជាណាចក្រ កម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងសកម្មជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង មន្រ្តីគ្រប់លំដាប់ថ្នាក់ និងជាពិសេសមានទំនាក់ទំនងល្អ ជាមួយនឹងប្រជាជនកម្ពុជា។

សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលបានចូលរួមរំលែកទុក្ខ ចំពោះប្រជាជនកម្ពុជាដែលរងគ្រោះដោយសារទឹកជំនន់ និងបានផ្តល់ជំនួយតាមរយៈកាកបាទក្រហមកម្ពុជា។ សម្តេចប្រមុខរដ្ឋស្តីទីបានរម្លឹកថា ប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី បានភ្ជាប់ទំនាក់ទំនងការទូត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។ ឆ្នាំនេះ គឺជាខួបទី៥៥ឆ្នាំនៃទំនាក់ទំនងការទូត ហើយប្រទេសទាំងពីរបាន ប្រារព្ធពិធីអបអរសាទរខួបលើកទី៥៥ នៃចំណងការទូត តាមរយៈការរៀបចំព្រឹតិ្តការណ៍ បង្ហាញគំនូរ សិល្បៈ ម្ហូបអាហារ តន្រ្តី និងវប្បធម៌របស់ប្រទេសទាំងពីរ។ កត្តានេះបានបង្ហាញ ឱ្យឃើញពីទំនាក់ទំនងកាន់តែរឹងមាំ និងស៊ីជម្រៅរវាងប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យរវាងប្រជាជន និងប្រទេស ទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ហើយការរីកចម្រើននេះ ស្តែងឡើងតាម រយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំកំពូល មន្រ្តីជាន់ខ្ពស់ និង មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ និងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការអន្តរជាតិ។

ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រមុខរដ្ឋស្តីទីក៏បានថ្លែង អំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយពង្រឹងសមត្ថភាពមន្រ្តីរាជការកម្ពុជា លើជំនាញនានា តាមរយៈមជ្ឈមណ្ឌលកិច្ចសហប្រតិបតិ្តការកម្ពុជា-សិង្ហបុរី រហូតមកដល់ បច្ចុប្បន្ន មានមន្រ្តីជាង៩.៩០០នាក់ និងបានទទួលការបណ្តុះបណ្តាលក្រោមគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន ចំនួន១៥.៤០០នាក់ ក្រោមកម្មវិធីកិច្ចសហប្រតិបតិ្តការ សិង្ហបុរី។ ជាពិសេសក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេច ប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្ម ការវិនិយោគ និងការមកទស្សនកិច្ចរបស់ប្រជាជនសិង្ហបុរី ដែលមានការកើនឡើងជាលំដាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២០នេះ ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសមានទំហំជិត ០២ពាន់លានដុល្លារអាម៉េរិក ហើយការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាមានទំហំដល់ទៅ២៥.៦ភាគយ។

សម្តេចសង្ឃឹមថា ក្រោយជំងឺកូវីដ១៩នេះ ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ រវាងប្រជាជន និងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនជាបន្តបន្ទាប់ថែមទៀត។ សម្តេចប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ដែល បានទប់ស្តាត់នៃការឆ្លង និងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងសូមជូនពរឱ្យរដ្ឋាភិបាល និងប្រជាជនសិង្ហបុរីជម្នះបានលើជំងឺកូវីដ១៩នេះ ដោយឆាប់រហ័ស។ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែអំណរគុណចំពោះស្ថានឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលបានជួយសម្របសម្រួលឱ្យមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទៅ ធ្វើកម្មសិក្សាស្តីពីការងារសភានៅសភានៃសាធារណរដ្ឋសិង្ហបុរី ចំនួន០២លើក។
តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានផ្តាំផ្ញើនូវព្រះរាជ បណ្តាំសួរសុខទុក្ខ ដោយសេចក្តីគោរព និងសេចក្តីនឹករលឹក អំពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសិង្ហបុរី។

សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជានិច្ច បន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី និងស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូន ឯកឧត្តមឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យ ក្នុងបេសកកម្មថ្មីនាពេលខាងមុខ។

នៅក្នុងឱកាសនោះ ឯកឧត្តម មៃខើល តាន់ កេង ស៊ីង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី បានថ្លែង អំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែល បានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាត ឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយនឹងប្រជាជនកម្ពុជា ចំពោះការបាត់បង់អាយុជីវិត និងទ្រព្យសម្បតិ្ត ក្នុងគ្រោះ មហន្តរាយដោយសារទឹកជំនន់កាល ពីពេលថ្មីៗនេះ ហើយសហគមន៍ និងអ្នក វិនិយោគសិង្ហបុរីនៅកម្ពុជា ព្រមទាំង រដ្ឋាភិបាល នៃសាធារណរដ្ឋសិង្ហបុរី បានផ្តល់ជំនួយតាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែក ជួយសម្រាលការលំបាករបស់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយសារទឹកជំនន់នេះ។

​ឯកឧត្តមឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា បេសកកម្មការទូតរយៈពេល៤ឆ្នាំ កន្លះរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ដោយសារ បានទទួលការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី មានការរីកចម្រើន ជាពិសេសទំហំពាណិជកម្មទ្វេភាគីនៃ ប្រទេសទាំងពីរ មានការកើនឡើងខ្ពស់។ ទំហំពាណិជ្ជកម្មរបស់ប្រទេសសិង្ហបុរី រក្សាបានចំណាត់ ថ្នាក់លំដាប់ទី២ ក្នុងចំណោមប្រទេសទាំង១០ ដែលកំពុងវិនិយោគនៅប្រទេសកម្ពុជា។

​ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង អង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានអនុវត្តន៍តាមរយៈការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចគ្នាទៅវិញទៅមក។ កាលពីឆ្នាំ២០១៧ សមាជិកព្រឹទ្ធសភា បានអញ្ជើញទៅបំពេញ ទស្សនកិច្ចឈ្វេងយល់អំពីសភានៃសាធារណរដ្ឋសិង្ហបុរី ហើយឆ្នាំ២០១៩ ឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៩ នៅប្រទេសសិង្ហបុរី។ ប្រទេសទាំងពីរនឹងបន្តខិតខំថែមទៀត ដើម្បីលើកកម្ពស់កិច្ច សហប្រតិបត្តិការលើវិស័យទៀត៕ ដោយ ប៉ាល់សុង