រុស្ស៊ីប្រកាសពីការប្តេជ្ញា បន្តការបណ្ដុះបណ្ដាលធនធានមនុស្ស ជួយដល់កម្ពុជា ជាពិសេស កងកម្លាំងនគរបាលក្រសួងមហាផ្ទៃ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០

នៅចំពោះមុខរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូត​សហ​ព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា បានប្រកាសថា ភាគីរុស្ស៊ីនៅតែបន្តការប្ដេជ្ញាចិត្តក្នុងការ​បណ្ដុះ​​បណ្ដាលធនធានមនុស្សជួយដល់កម្ពុជា ជាពិសេសកងកម្លាំងនគរបាល​ក្រសួង​​មហាផ្ទៃ​តាមរយៈបណ្ដាញអនឡាញ។ ការប្រកាសបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនេះឯកឧត្តម ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ក៏បានជម្រាបជូនសម្ដេច​ក្រឡាហោមនូវការថ្លែងអំណរគុណរបស់រដ្ឋាភិបាលរុស្ស៊ីចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល បានជួយគាំទ្រគំនិតផ្ដួចផ្ដើមផ្សេងៗរបស់សហព័ន្ធរុស្ស៊ី និងសម្ដែងក្ដីសង្ឃឹមថាភាគីកម្ពុជា និងអាចទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលជោគជ័យនេះ គឺជាការបង្ហាញឥទ្ធិពលរបស់អាស៊ី និងកម្ពុជាដែលនៅក្នុងតំបន់នេះ។

ឯកឧត្តម ឯកអគ្គរដ្ឋ​ទូតបានលើកឡើងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និង​ក្រសួង​សន្តិសុខរបស់សហព័ន្ធរុស្ស៊ី ក្នុងនោះមានវិស័យប្រយុទ្ធប្រឆាំងការជួញ​ដូរគ្រឿង​ញៀន ឧក្រឹដ្ឋកម្មឆ្លងដែន និងសកម្មភាពផ្សេងៗទៀត ដូចជាការទប់ស្កាត់បដិវត្តន៍ពណ៌ និង​ការបណ្ដុះបណ្ដាលធនធានមនុស្ស។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើង​អំពីទំនាក់ទំនងល្អ​រវាងកម្ពុជា និងរុស្ស៊ី ជាពិសេសចាប់តាំងពីពេលឈានទៅផ្ដួលរំលំរបបខ្មែរក្រហម ដែល​ពេលនោះ រុស្ស៊ី ដែលនៅជាសហភាពសូវៀតនៅឡើយ បានចូលរួមជួយគាំទ្រការវាយ​រំលំរបបខ្មែរក្រហម និងបន្តគាំទ្រកម្ពុជាក្នុងការទប់ស្កាត់មិនឱ្យរបបអាវខ្មៅ​នេះត្រឡប់មក​វិញ ព្រមទាំងបានជួយកម្ពុជាក្នុងគ្រាជួបគ្រាដ៏លំបាក ក្រោយពីបញ្ចប់នោះ។ សម្ដេច​ក្រឡា​ហោមបានថ្លែងអំណរគុណដល់រុស្ស៊ី ជាពិសេសនៅក្នុងវិស័យធនធានមនុស្ស ដែល​ពេល​នេះមានមន្រ្តីកម្ពុជាជាច្រើនដែលបានបញ្ចប់ការសិក្សានៅប្រទេសរុស្ស៊ី។ សម្ដេចក្រឡា​ហោមបានបង្ហាញការឯកភាពចំពោះអ្វីដែលឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ីបានលើកឡើង​ស្ដីអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី និងជំរុញឱ្យមន្ត្រីជំនាញភាគីទាំងពីរ​ពន្លឿន​ការបញ្ចប់នីតិវិធីឈានទៅចុះហត្ថលេខាលើកិច្ចប្រព្រមព្រៀងផ្សេងៗទៀត៕ ដោយ ចាន់ សុធីវង្ស