គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ ចំនួនអ្នកស្លាប់ដោយជំនន់ទឹកភ្លៀង កើនដល់ ៤៤នាក់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០–

យោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គិតពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ ចំនួនអ្នក ស្លាប់ដោយជំនន់ទឹកភ្លៀងនៅកម្ពុជាកើនដល់ ៤៤នាក់ ដែលក្នុងនោះ ខេត្តបន្ទាយ​មានជ័យ ២៦នាក់ ខេត្តពោធិ៍សាត់ ០៦នាក់ ខេត្តប៉ៃលិន ០១នាក់ ខេត្តព្រះសីហនុ ០២នាក់ ខេត្តកំពង់ធំ ០៧នាក់ ខេត្តស្ទឹងត្រែង ០១នាក់ និងខេត្តកំពង់ឆ្នាំង ០១នាក់។

បើតាមទិន្នន័យបានបញ្ជាក់ឱ្យដឹងផងដែរថា ជំនន់ទឹកភ្លៀងនេះបានបង្កផល​ប៉ះ​ពាល់រាជធានី ខេត្ត ចំនួន ២០ ស្មើ ១២១ ក្រុង ស្រុក ខណ្ឌ រួមមាន រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ។ ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ប្រជាជនប្រមាណ ១៤៩ ៨៥៧ គ្រួសារ ស្មើនិង ៥៩៩ ៤២៨នាក់។ ប្រជាជនប្រមាណ ១១ ៨៩៦ គ្រួសារ ស្មើប្រមាណ ៤៧ ៥៨៤នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ជំនន់ទឹក​ភ្លៀងនេះ បានជន់លិចស្រូវ ២៨៤ ៩៦១ហិកតា និងដំណាំរួមផ្សំ ៩៧ ០២៩ហិកតា។​ទន្ទឹមនេះដែរ គ្រោះទឹកជំនន់នេះក៏បង្កឱ្យប៉ះពាល់ផ្ទះសម្បែងជាង ១៣ម៉ឺនខ្នង និងខូចខាត ៦៣ខ្នង លិចសាលារៀន ៩៥១កន្លែង និងលិចវត្ត ៣០៧កន្លែង។

ជាមួយគ្នានេះ ទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហម ៦២៧​គីឡូម៉ែត្រ លិចផ្លូវលំជនបទ ១ ៦៨៥ គីឡូម៉ែត្រ ប៉ះពាល់ទំនប់ ៤៩គីឡូម៉ែត្រ ប៉ះពាល់​ប្រឡាយមេ ២៧១គីឡូម៉ែត្រ ប៉ះពាល់ប្រឡាយរង ២៧២គីឡូម៉ែត្រ ប៉ះពាល់ប្រឡាយ​ស្រោច​ស្រព ១៤៦គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេជាង ២គីឡូម៉ែត្រ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យរដ្ឋមន្ត្រីចំនួន ៤ក្រសួង ដែល​រួមមាន ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធររាជធានី ខេត្ត ត្រូវចុះដោះស្រាយបញ្ហាជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្ទាន់ ពិសេសដោះ​ស្រាយបញ្ហាជួសជុលផ្លូវ ស្ពាន ទំនប់ទឹក ប្រឡាយទឹក ផ្លូវលំជនបទ ដែលខូច ខាតដោយ​ជំនន់ទឹកភ្លៀងនៅចំនួន២០ខេត្ត-រាជធានីឱ្យបានរហ័ស ចំណែកក្រសួងកសិកម្ម​ត្រូវចាត់​ចែង​ផ្តល់ស្រូវពូជ និងពូជដំណាំដល់កសិករឱ្យទាន់ពេលវេលា ក្រោពេលជំនន់ទឹកភ្លៀង​ស្រកនោះ៕ដោយ ជឹម ណារី