ធនាគារជាតិនៃកម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងគ្រឹះស្ថានធនាគារ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៨ ១០ ២០២០


MC: ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ដើម្បីផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការផ្ទេរប្រាក់ និងទទួលសាច់ប្រាក់។
លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបាគង ដែលជាបញ្ជររួមសម្រាប់ការទូទាត់ប្រាក់ឆ្លងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ទៅប្រតិបត្តិការដូចជា៖ សេវាផ្ទេរនិងទទួលប្រាក់ ការទូទាត់ថ្លៃទំនិញ ជាដើម។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបាគង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ បានឱ្យដឹងថា មកដល់បច្ចុប្បន្ន ប្រព័ន្ធបាគងនេះ មានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដៃគូចំនួន១៨មានដូចជា៖ ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ធនាគារឯកទេសវីង គ្រឹះស្ថានហិរញ្ញវត្ថុ ប្រាសាក់ ធនាគារ ជីបម៉ុង ជាដើម ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើការទូទាត់ ឬផ្ទេរប្រាក់ពីគ្នាទៅវិញទៅមកបានតាមរយៈលេខទូរស័ព្ទដៃ គណនីធនាគារ និងឃ្យូអរកូដ(QR Code)។លោកជំទាវបានបន្តថា នៅមានគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារចំនួន២៤ផ្សេងទៀត កំពុងបានការអនុញ្ញាតជាគោលការណ៍ នៅក្នុងការចូលរួមជាសមាជិកប្រព័ន្ធបាគងនេះ។
លោកជំទាវ មានប្រសាសន៍ថា «ប្រព័ន្ធបាគង គឺជាប្រព័ន្ធឆ្អឹងខ្នងដែលត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីបម្រើនូវគោលដៅចម្បងៗ ដូចជាផ្តល់លទ្ធភាពទូទាត់ឆ្លងគ្រឹះស្ថានប្រកបដោយទំនុកចិត្ត រហ័ស និងមានសុវត្ថិភាព ខណៈគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារ នៅកម្ពុជាមិនទាន់មានលទ្ធភាពធ្វើការទូទាត់ប្រទាក់ប្រឡាគ្នាបាននៅឡើយ។គ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារឯកជនភាគច្រើន បានរៀបចំប្រព័ន្ធទូទាត់សម្រាប់តែសេវាបម្រើអតិថជនផ្ទាល់ខ្លួន ឬដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នាប៉ុណ្ណោះ។»
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារឯកជនកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគាំទ្រ ចំពោះការប្រតិបត្តិការទូទាត់ប្រាក់រួមគ្នាតែមួយនេះ ដោយលោកថា បានផ្តល់ភាពងាយស្រួលដល់សាធារណជនទូទៅបាន ទូលំទូលាយបំផុត។ ជាមួយគ្នានេះ ក៏នឹងជំរុញឱ្យសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងការលើកកម្ពស់ប្រព័ន្ធទូទាត់ ឱ្យកាន់តែប្រសើរឡើងទាំងក្នុងប្រទេសកម្ពុជា និងក្នុងកម្រិតតំបន់៕​