ក្រសួងអប់រំ គ្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតដល់គ្រឹះស្ថានសិក្សា សាធារណៈចំនួន ៣០០០ទីតាំង នៅទូទំាងប្រទេស

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី


MC៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតដល់គ្រឹះស្ថានសិក្សា សាធារណៈចំនួន៣០០០ទីតាំង ក្នុងរយៈពេល០៤ឆ្នាំ គឺចាប់ផ្ដើមពីឆ្នាំ ២០២០នេះ ដល់ឆ្នាំ២០២៣ ដើម្បីផ្ដល់ការរៀន និងការបង្រៀនតាមបែបឌីជីថល។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា គម្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតដល់គ្រឹះស្ថានសិក្សាសាធារណៈក្នុងរយៈពេល ៤ ឆ្នាំនេះ ក្រសួងអប់រំបាននិងកំពុងសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតដល់គ្រឹះស្ថានសិក្សា ដើម្បីផ្ដល់ការរៀន និងការបង្រៀន តាមបែបឌីជីថល ដែលការអនុវត្តត្រូវធ្វើឡើងជាជំហានៗ ចាប់ពីចុងឆ្នាំ២០២០នេះតទៅ។ ឯកឧត្តម បញ្ជាក់ថា ក្រសួងអប់រំបានកំណត់លក្ខណៈវិនិច្ឆ័យមួយចំនួន ដើម្បីជ្រើសរើស សាលារៀនគោលដៅតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនេះ ហើយនៅឆ្នាំ២០២១ នឹងជាជំហាន បន្តបន្ទាប់ អនុវត្ដន៍តាមគ្រឹះស្ថានសិក្សាប្រមាណពី៦០០ទៅ៧០០ ទីតាំងទៀត ស្របទៅ តាមលក្ខខណ្ឌនៃការវិនិច្ឆ័យដែលក្រសួងបានកំណត់។
ឯកឧត្តម​បញ្ជាក់​ថា​ «នៅក្នុងការជ្រើសរើសយោងតាមលក្ខខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ពេលចុះទៅពិនិត្យជាក់ស្ដែង នៅក្នុងដំណើរការនៃការជ្រើសរើសនោះ គឺពិនិត្យមើលទៅលើកត្តាមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធរបស់គ្រឹះស្ថានពាក់ព័ន្ធ ធនធានដែលមានស្រាប់ ហើយនិងការ ប្ដេជ្ញាចិត្តរបស់គណៈគ្រប់គ្រងសាលារៀននៅក្នុងការចូលរួមអនុវត្តន៍គម្រោងនេះ»។
ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា គម្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែត ដល់គ្រឹះស្ថាន សិក្សាសាធារណៈ គឺជ្រើសរើសក្នុងចំណោមសាលាកម្រិតថ្នាក់ ចាប់ពីថ្នាក់បឋម រហូតដល់កម្រិត វិទ្យាល័យ, សាលាធនធាន និង គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ អាស្រ័យទៅតាមលក្ខខណ្ឌការវិនិច្ឆ័យដែលក្រសួងបានកំណត់៕​