ប្រជាពលរដ្ឋ​ដែល​ទទួលផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង និង​មាន​ជីវភាព​ខ្វះខាត នៅ​ស្រុក​ប្រាសាទ​សំបូរ ទទួល​អំណោយ​ពី​ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ​

AKP កំពង់ធំ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០–
​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយ សារ​ជំនន់​ទឹកភ្លៀង និង​មាន​ជីវភាព​ខ្វះខាត ចំនួន ១៩៥​គ្រួសារ បានទទួល​អំណោយ​សប្បុរសជន តាមរយៈ​ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ នា​រសៀល​ថ្ងៃ​១១​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២៧ ខែតុលា ឆ្នាំ​២០២០ នៅ​វត្ត​សូ​ជ័យ​ឧ​ត្ត​ម ហៅ​វត្ត​ទឹក​អណ្ដូង ស្ថិតនៅ​ក្នុងស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។

​ក្នុង​ពិធី​ចុះសាកសួរ​សុខទុក្ខ​នោះដែរ ឯកឧត្តម សុខ លូ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជានាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្ដេច​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​បងប្អូន​ទាំងអស់​នៅ​គ្រប់​ទីកន្លែង ជាពិសេស​នៅក្នុង​រយៈពេល​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស កំពុងតែ​ជួប​នូវ​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅពេលនេះ ។
​លើសពីនេះ​ទៀត ឯកឧត្តម ក៏មាន​ការព្រួយបារម្ភ​ទៅលើ​ការខូចខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​នូវ​ការខូចខាត ព្រមទាំង​ជំរុញ​ឱ្យ​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ពិនិត្យ​ផលប៉ះពាល់ ដើម្បី​ពិនិត្យ​លទ្ធភាព​ធ្វើការ​ជួសជុល កែលម្អ​រចនាសម្ព័ន្ធ​ឡើងវិញ និង​ប្រមូល​ទិន្នន័យ​ជាក់ស្ដែង​លើ​ការខូចខាត​ដំណាំ​ស្រូវ​របស់​បងប្អូន ដើម្បី​ស្នើសុំ​ពូជស្រូវ​ពី​រាជរដ្ឋាភិបាល យកមកចែក​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ ធ្វើការ​បង្កបង្កើនផល បន្ទាប់ពី​ទឹកបាន​ស្រក​ទៅវិញ ។​

​ជាមួយគ្នា​នោះដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ខំ​ថែរក្សា​នូវ​កត្តា​សុខសន្តិភាព​ដែល​រកបាន​ដោយ​កម្រ​នេះ មាន​សុខសន្តិភាព​ប្រទេសជាតិ​ទើប​មានការ​អភិវឌ្ឍ ព្រមទាំង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ខិតខំ​ថែរក្សា​សុខភាព ហូប​ស្អាត រស់នៅ​ស្អាត ដេក​ក្នុង​មុង​ជានិច្ច ដើម្បី​ការពារ​មូស​ខាំ ចៀសវាង​កើត​នូវ​ជំងឺ​ផ្សេងៗ ធ្វើការ​រក្សា​អនាម័យ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ក៏ដូចជា​ការចិញ្ចឹម​សត្វ​ជាដើម ដើម្បី​ជួយ​លើកស្ទួយ​ក្នុង​ជីវភាព​ក្នុង​គ្រួសារ​។ អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង និង​មាន​ជីវភាព​ខ្វះខាត​ទាំង​១៩៥​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​៣០​គីឡូ ក្រាម មី​១​កេស ទឹកបរិសុទ្ធ​១​កេស ត្រីខ​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ និង​ទឹកត្រី​១​យួរ ៕ ដោយ​៖ ស៊ុម វណ្ណា​ សម្រួលផ្សាយដោយ៖ ធូ កុសល