ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​

AKP ព្រះសីហនុ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០–
​ព្រឹក​ថ្ងៃ​១២​កើត ខែ​ក​ក្តិ​ក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២៨ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​បញ្ជា ការឯកភាព​ខេត្ត ដើម្បី​ត្រួតពិនិត្យ​សកម្មភាព​ការងារ និង​ដាក់ចេញ​នូវ​គោលការណ៍​អនុវត្តន៍​បន្ត ដោយមាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត អភិបាល ក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ។

​តាម​របាយការណ៍​កិច្ច​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត មាន​របៀប​វារ​:​ចំនួន​៤ ទី​១.​សេចក្តីណែនាំ ស្តីពី​ការរៀបចំ​ពិធីបុណ្យ​ខួប​លើក​ទី​១៤ នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះ បាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទី​២.​សេចក្តីណែនាំ ស្តីពី​ការរៀបចំ ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០២០ ។ ទី​៣.​លិខិត​របស់​អគ្គលេខា​ធិ​ការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ស្តីពី​ការដាក់​តាំង​បដា​ប្រឆាំង​គ្រឿងញៀន​ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២០ ។ ទី​៤.​ផ្សព្វ ផ្សាយ​លិខិត​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការបង្កើត​គេហទំព័រ Facebook ផ្លូវការ​របស់​អង្គភាព​នគរបាល​តាម​ក្រុង ស្រុក ។

​ក្នុងឱកាស​នោះ ឯកឧត្ដម គួច ចំរើន គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ និង កោតសរសើរ​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ និង​ស្ថាប័ន​ច្បាប់ ដែល​បាន​អនុវត្តន៍​ត្រួតពិនិត្យ​នៅតាម​ភោជនីយដ្ឋាន ខារ៉ាអូខេ កន្លងមក ដកហូត​បាន​អាវុធជាតិផ្ទុះ គ្រឿងញៀន និង​ថវិកា​មួយចំនួន ។ ម្យ៉ាងទៀត​ការត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅតាម​ដងផ្លូវ​សាធារណៈ និង​រើស​បាន​អាវុធ AK ចំនួន ០២​ដើម ដែល​ជនល្មើស​យកមក​បោះចោល ហើយ​សកម្មភាព​ដែល​គណៈបញ្ជាការ​ឯកភាព​ខេត្ត​អនុវត្តន៍​ទទួលបាន​លទ្ធផល​ល្អ ។ ព្រមទាំង​បានដាក់​ចេញ​នូវ​វិធាន​ការបង្ការ ទប់ស្កាត់​រាល់​ឧបាយកល សកម្មភាព​ប៉ុនប៉ង​បង្កចលាចល​សង្គម និង​សកម្ម ភាព​ល្មើសច្បាប់​ផ្សេងៗ ប្រសិនបើ​មាន​ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល មាន​ករណី​ចាប់​មនុស្ស​បង្ខាំង​ខុសច្បាប់ ទា​លុយ សមត្ថកិច្ច​ត្រូវធ្វើ​របាយកាណ៍រ​លើកសំណើ​ទៅ​ព្រះរាជអាជ្ញា ដើម្បី​បិទ​ទីតាំង​នោះ ដើម្បី​ធានា​ការការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​ផ្តល់​ភាពកក់ក្ដៅ​ជូន​ភ្ញៀវទេសចរ មក​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​ទាក់ ទាញ​ទេសចរណ៍ តំបន់ឆ្នេរ និង​តាម​កោះ​នានា ។

​ឯកឧត្តម គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ណែនាំ​ដល់​បណ្តា​ក្រុង ស្រុក ទាំង​៥ ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ នៅតាម​គោលដៅ​ក្នុងភូមិ​សាស្ត្រ និង​ប្រជុំ​ដក​បទពិសោធន៍ និង​ចុះ​ពិនិត្យ​រដ្ឋបាល​ចំហ​នៅតាម​ភូមិសាស្ត្រ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ក្នុងភូមិ​សាស្ត្រ តាម​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ៕ ដោយ​៖ ងូ សុ​មុនី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល