ក្រុមប្រឹក្សាជាតិភាសាខ្មែរ កំពុងបង្កើតកម្មវិធីលើស្មាតហ្វូនកែកំហុសសំណេរអក្សរខ្មែរ លើស្លាកយីហោនិងប្រព័ន្ធផ្សព្វផ្សាយ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា


ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ កំពុងបង្កើតកម្មវិធីលើស្មាតហ្វូនកែកំហុស សំណេរអក្សរខ្មែរលើស្លាកយីហោនិងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ពិនិត្យ និង កែតម្រូវតាមនីតិវិធី ដែលមានចែងក្នុងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា ។
ឯកឧត្តម បណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា កម្មវិធីស្មាតហ្វូនកែកំហុសសំណេរអក្សរខ្មែរលើ ស្លាកយីហោ ឬ សេចក្តីជូនដំណឹងនេះ គឺជាកម្មវិធីមួយដែលអាចឱ្យប្រជាពលរដ្ឋ ឬ មហាជន បើឃើញមានការសរសេរខុសអក្ខរាវិរុទ្ធណាមួយលើស្លាកយីហោ ឬ សេចក្តីជូនដំណឹង អាចប្រើទូរស័ព្ទថតយករូបភាពនិងបញ្ជាក់ទីតាំងដែលខុសទាំងនោះ បញ្ជូនតាមកម្មវិធីនេះ ដើម្បីឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ពិនិត្យនិងកែតម្រូវ ។ ឯកឧត្តមបានបញ្ជាក់ថា កម្មវិធីនេះនឹងកាត់បន្ថយការសរសេរខុសលើស្លាកយីហោ និងបានជួយដល់ក្រសួងដែលពាក់ព័ន្ធ អាចជួយកែតម្រូវ ដោយមិនចាំបាច់ស្វែងរក ។ ឯកឧត្តម បានបន្ថែមថា នេះជាការចូលរួមមួយរបស់ប្រជាពលរដ្ឋ ដើម្បីថែរក្សាអភិរក្ស ភាសារបស់ជាតិ និងជាការសាមគ្គីគ្នារវាងអាជ្ញាធរនិងប្រជាពលរដ្ឋលើការកែតម្រូវ ចៀសវាងបន្ទោសដាក់គ្នាទៅវិញទៅមក ។
«អេបហ្នឹងគឺដើម្បីចៀសវាងកុំឱ្យមានការលើកស្លាកយីហោងហ្នឹងដោយអក្ខរាវិរុទ្ធខ្មែរមិនត្រឹមត្រូវ ពីព្រោះប្រជាពលរដ្ឋគេរិះគន់រាល់ថ្ងៃ គេផ្ញើតែរូបមកឱ្យក្រុមប្រឹក្សាមួយថ្ងៃៗ មិនដឹងយកទៅណាទេ យើងទទួលពីគេមកហ្នឹង។អ៊ីចឹងយើងធ្វើហ្នឹងដើម្បី កាលណា ឃើញខុសឱ្យប្រាប់ក្រសួងមានសមត្ថកិច្ចដើម្បីកែសម្រួល។អ៊ីចឹងយើងគិតថាអ្នកណាក៏ដោយមហាជនក៏ដោយឱ្យតែឃើញខុសឱ្យគាត់ថតមក ដើម្បីបញ្ជូនតាមអេបមក យើងនឹងបញ្ជូនទៅអ្នកពាក់ព័ន្ធឱ្យដឹងថា កន្លែងណាដែល សរសេរខុសហ្នឹងដើម្បីកែ ។ មួយវិញទៀតកាលណាយើងមើលឃើញថា មានគេសរសេរខុសអ៊ីចឹងអាជ្ញាធរទៅសួរនាំឱ្យដឹងថាអ្នកនោះសុំច្បាប់គេឬមួយអត់សុំ ច្បាប់ទេ ឬចេះតែលើកតែខ្លួនឯងទៅមិនសួរគេ ដែលនាំឱ្យខុស » ។
សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាកំពុងជំរុញការធ្វើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង លើការប្រើភាសាខ្មែរនៅលើរូបសញ្ញាឱ្យបានរួចរាល់ឆាប់ៗ ខណៈបច្ចុប្បន្នកំពុង ពន្លឿនលើការពិភាក្សាការងារនេះជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ។
យោងតាមលទ្ធផលស្រាវជ្រាវរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរបង្ហាញថា កំហុសនៃការប្រើភាសាខ្មែរលើរូបសញ្ញាមានដល់ទៅ ២៥ ភាគរយ គឺកំហុស ក្នុងការសរសេរស្រៈ ព្យញ្ជនៈ វណ្ណយុត្ត ការសរសេរជាព្យាង្គតម្រួត ឬព្យាង្គរាយ និងកំហុសខាងវេយ្យាករណ៍៕​