ក្លិប​អាយ អេស អាយ ដង្កោ​សែន​ជ័យ​បង្ហាញ​រថយន្ត​ថ្មី​និង​ធ្វើ​កម្ម​វី​ធី​សប្បុរសធម៌​ដល់​ជនរងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​

AKP ភ្នំពេញ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០–
​ក្លិប​បាល់ទាត់​អាយ អេស អាយ ដង្កោ​សែន​ជ័យ ដែលជា​សមា ជិ​ក​ក្នុង​ក្របខ័ណ្ឌ​លី​គ​បាល់ទាត់​លំដាប់​ទី​២ បានបង្ហាញ​រថយន្ដរ​បស់​ខ្លួន​ដោយបាន​រចនា​នូវ​សោភណភាព​ដ៏​ស្រស់ស្អាត សម្រាប់​បម្រើ​ដល់​ការដឹកជញ្ជូន​ក្នុងការ​ប្រកួតប្រជែង​បាល់ទាត់​។​

​លោក សៀក សុវណ្ណ អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​អាយ អេស អាយ ដង្កោ​សែន​ជ័យ បាន​បញ្ជាក់ថា អាយ អេស អាយ ដង្កោ​សែន​ជ័យ បានបង្ហាញ​រថយន្ដ​ដ៏​ថ្មី​សន្លាង សម្រាប់​ប្រើប្រាស់​ធ្វើដំណើរ​ទៅ​ប្រកួត ឬ​កម្មវិធី​នានា​របស់​ក្លិប​។ នេះ​ជា​លើកដំបូង ដែល​ក្លិប​នេះ​មាន​រថយន្ដ​ផ្ទាល់ខ្លួន​បែបនេះ​។ រថយន្ដ​នេះ​មាន​ពណ៌​ខៀវ​រំលេច​ដោយ​ឡូហ្គោ​ក្លិប​ពណ៌​លឿង និង​ខៀវ​លា​យស ព្រមទាំង​ពាក្យស្លោក​ក្លិប​។ ក្លិប​បាល់ទាត់​អាយ អេស អាយ ដង្កោ​សែន​ជ័យ គឺជា​សមាជិក​ថ្មី​ក្នុង​ព្រឹត្តិការណ៍​ជម្រើស​ជើងឯក​លី​គ​ទី​២ ក្រោម​ការរៀបចំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។ ប៉ុន្តែ​ក្លិប​មួយ​នេះ​គឺជា​ក្រុម​ខ្លាំង​មួយ នៅក្នុង​ការប្រកួត​បាល់​ទាត់​ពាក់កណ្តាល​អាជីព និង​ពានរង្វាន់​ផ្សេងៗ​នាពេល​កន្លងមក ជាពិសេស​គឺជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ពាក់កណ្តាល អាជីព KMH Champion League កាលពី​រដូវ​កាល ២០១៩​។ ក្រុម​អាយ អេស អាយ​ដង្កោ​សែន​ជ័យ បាន​ចូលរួម​ប្រកួតប្រជែង​ជើងឯក​លី​គ​ទី​២ ជា​លើកដំបូង​នៅ​រដូវ​កាល​២០២០ ដោយ​ឆ្លងកាត់​ការប្រកួត ៣​លើក​កន្លងមក​។ ក្រុម​នេះ​ដឹកនាំ​ដោយ​គ្រូ​បង្គោល John Botioba ស្ថិត​ចំណាត់ថ្នាក់​លេខ​៤​មាន​៦​ពិន្ទុ ក្នុងចំណោម​ក្រុម​ប្រកួតប្រជែង​ចំនួន​១០​។ បច្ចុប្បន្ន​ក្លិប​បាល់ទាត់ អាយ អេស អាយ​ដង្កោ​សែន​ជ័យ កំពុងអភិវឌ្ឍន៍​ខ្លួន​ពី​ពាក់កណ្តាល​អាជីព ឆ្ពោះទៅ​កម្រិត​អាជីព​មួយ ដែល​នឹង​ខិតខំ​ធ្វើការ​ប្រកួត​ក្នុង​លី​គ​លំដាប់​ទី​២​នេះ ដើម្បី​ប្រជែង​កៅអី​១ ឡើងទៅ​លី​គ​កំពូល​កម្ពុជា នា​រដូវ​កាល​ក្រោយៗ​។​

​នៅក្នុង​ថ្ងៃ​ដដែល​នៃ​ការបង្ហាញ​រថយន្ត​ថ្មី​នេះដែរ ក្លិប​បាល់ទាត់​អាយ អេស អាយ​ដង្កោ​សែន​ជ័យ ក៏បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ ដោយ​លោក សៀក សុវណ្ណ បញ្ជាក់​បន្ថែមថា កម្មវិធី​នេះ​មាន​ថ្នាក់ដឹកនាំ ក្រុមការងារ និង​កីឡាករ ដោយ​ចែក​អង្ករ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន ១០០​គ្រួ សារ មកពី​ផ្ទះជួល​ដំបូល​ខៀវ Zone 1 ២៥​គ្រួសារ​, ផ្ទះជួល​ខាង​ញ៉ូ​មីង​ដា zone 2 ៤១​គ្រួសារ និង​ផ្ទះជួល​សិន​ចូ​វ zone 5&6 ចំនួន​៣៤​គ្រួសារ​។ កម្មវិធី​សប្បុរសធម៌​នេះ ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការលំបាក​ដោយសារ​គ្រោះទឹកជំនន់​នាពេល​ថ្មីៗ​នេះ​៕​ដោយ​៖​ហេង ណា​លីន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​