សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង នា​ខែធ្នូ ឆ្នាំ​២០២០

AKP ភ្នំពេញ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០–
​សហព័ន្ធ​កីឡា​ទូក​កា​នូ​និង​រ៉ូ​អ៊ីង​កម្ពុជា​បានប្រកាស​ជា​ផ្លូវការ ស្តីពី​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​៧ ឆ្នាំ​២០២០ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ​។​

​ឯកឧត្តម​បណ្ឌិត មាស សារិន អនុប្រធាន​អចិន្ត្រៃយ៍ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​បានប្រកាស​ជូនដំណឹង​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ប្រធាន​សមាគម​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ទូក​នាគ ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង ជ្រាបថា ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ព​ន្លឿ​ន​ការអភិវឌ្ឍ​សហព័ន្ធ​កីឡា​ជាតិ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា នឹង​រៀបចំ​ការប្រកួត​កីឡា​ទូក​ប្រពៃណី​”​ទូក​នាគ​” ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៧ ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ នៅ​ទីតាំង​សួនច្បារ​មាត់ទន្លេ​បាសាក់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែលមាន​វិញ្ញាសា​ដូចជា ១-​វិញ្ញាសា ៨០០​ម៉ែត្រ​បុរស ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ចំណុះ ១២​នាក់​។ ២-​វិញ្ញាសា ៥០០​ម៉ែត្រ​នារី ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ចំណុះ ១២​នាក់​។ ៣-​វិញ្ញាសា ៥០០​ម៉ែត្រ​ចម្រុះ​បុរស​-​នារី (​ទូក​កា​នូ C1)​។ ៤-​វិញ្ញាសា ៥០០​ម៉ែត្រ ចម្រុះ​បុរស​-​នារី (​ទូក​កា​យ៉ាក់ K1) និង​ទី​៥-​វិញ្ញាសា ២.០០០​ម៉ែត្រ ចម្រុះ​បុរស​-​នារី (1x)​។​

​ចំពោះ​ការដាក់​ពាក្យ​ចូលរួម​ប្រកួត​រហូតដល់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា (​អគារ​លេខ​១ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជាន់​ទី​៣)​។ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា មាន​ទូក​សម្រាប់​ប្រកួត​រួចហើយ ដោយឡែក​សមាគម ដែល​ចូលរួម​ប្រកួត​ត្រូវយក​ច្រវា​ទូក​ប្រពៃ​ណ​មកជា​មួយ ហើយ​រាល់​ការចំណាយ ការ​ស្នាក់នៅ ហូបចុក ថ្លៃ​ធ្វើដំណើរ​ជា​បន្ទុក​របស់ខ្លួន​។​
​ឯកឧត្តម​បណ្ឌិត ជា ហ៊ុន​ហេង អគ្គលេខាធិការ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​បានស្នើ​សុំ​ជាគោលការណ៍​នៃ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ដែល​នេះ​គឺជា​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​៕​ដោយ​៖​ហេង ណា​លីន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​