ឯកឧត្តម ប៊ុន ច​ន្ទ័​វណ្ណៈ ចុះ​ពិនិត្យ​និង​វាយតម្លៃ​លើ​ការស្ថាបនា និង​ជួសជុល​ផ្លូវ​ចំនួន​១​ខ្សែ​ប្រវែង​ជិត ១៧​គីឡូម៉ែត្រ នៅ​ស្រុក​សំបូរ​

AKP ក្រចេះ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០–
​ឯកឧត្តម ប៊ុន ច​ន្ទ័​វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ចុះ​ពិនិត្យ​និង​វាយតម្លៃ​លើ​ការស្ថាបនា​និង​ជួសជុល​ផ្លូវលំ​ក្រាល​ដោយ​ល្បាយ​ថ្មភ្នំ​ចំនួន​១​ខ្សែ​ប្រវែង ១៦.៧០០​ម៉ែត្រ ស្ថិតក្នុង​ឃុំ​ស្រែ​ជិះ និង​ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃ​អង្គារ​១១ កើត ខែ​ក​ក្តិ​ក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២៧ ខែតុលា ឆ្នាំ​២០២០ ។

​ការចុះពិនិត្យ​ផ្លូវ​លំនៅ​ស្រុក​សំបូរ​នាពេលនោះ គឺមាន​ការចូលរួម​ដោយ​គណៈប្រតិភូ​អន្តរ ក្រសួង ដែលមាន​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ពិនិត្យ និង​វាយតម្លៃ​បញ្ចប់​សុពលភាព​លើ​ការងារ​ជួសជុល​និង​ថែទាំ​ផ្លូវ​លក្ខណៈ​ខួប​តាម​គម្រោង​ដែលមាន​គឺ ការងារ​ជួសជុល​ផ្លូវ​ដោយ​ក្រាល​ល្បាយ​ថ្មភ្នំ ប្រវែង ១៦.៧០០​ម៉ែត្រ ទទឹង​ខ្នង​លើ ៥ ម៉ែត្រ កម្រាស់ ០,២០​ម៉ែត្រ សាងសង់​លូ​ថ្មី​ចំនួន ២​កន្លែង​ដែលមាន​មុខកាត់ ០,៨​ម៉ែត្រ ប្រវែង​៨​ម៉ែត្រ ។​

​តាម​ការបញ្ជាក់​ពី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ក្រចេះ​បានឱ្យដឹងថា គណៈកម្មការ​អន្តរក្រសួង​ដែល​បាន​ចុះមក​ពិនិត្យ​គម្រោង​សកម្មភាព​សាងសង់​ផ្លូវលំ​ជនបទ​នេះ​គឺ​អនុវត្តន៍​តាម​អនុ​សាស ន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បាន​បញ្ជាក់ថា ការស្តារ​និង​កែលម្អ​ផ្លូវលំ​ក្នុងភូមិ ឃុំ រួមចំណែក​ដល់​ការតភ្ជាប់​គ្នា​រវាង​ភូមិ និង​ឃុំ ដែល​វា​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​កសិផល​របស់​ពួកគាត់ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅ​មណ្ឌល​សុខភាព និង​សេវា​រដ្ឋបាល​សាធារណៈ ជាពិសេស​ងាយស្រួល​ដល់​ក្មួយៗ​សិស្សានុសិស្ស ក្នុងការ​ធ្វើដំណើរ​ទៅ​សាលារៀន​៕​ដោយ​៖ ជួន សុជាតិ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល