សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​ទៅ​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ជីក្រែង​

AKP សៀមរាប ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​១១​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២៧ ខែតុលា ឆ្នាំ​២០២០ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​សៀម រាប ដឹកនាំ​ដោយ​លោក គុជ លី​ណា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ចុះទៅ​សួរសុខទុក្ខ ដោយ​នាំយក​អំណោយ​ទៅ​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន​៥៣​គ្រួសារ នៅក្នុង​ស្រុក​ជីក្រែង ខេត្តសៀមរាប​។

​លោក ពៅ ប៊ុនធឿន ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជីក្រែង បាន​រាយ​ការ ណ៍​ក្នុង​ពិធី​ចែក​អំណោយ​នោះ​ថា ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជីក្រែង បាន​បណ្តាលឱ្យមាន​មនុស្ស​លង់ទឹក​ស្លាប់ ៤​ករណី អគ្គិភ័យ​១​លើក ទឹក​លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​មាន ១.០១២​ខ្នង​ផ្ទះ ព្រមទាំង​ធ្វើឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង លិច​ស្រូវ​ចំនួន ៤០៦​ហិកតា​។​
​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោក គុជ លី​ណា បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​តែងតែ​យកចិត្តទុកដាក់ គិត​គួរ​ខ្ពស់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​យើង​នៅតាម​មូលដ្ឋាន​។ ជាពិសេស​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​និន្នាការ​ន​យោ បាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ ពោលគឺ​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​។

​លោក គុជ លី​ណា បាន​បន្តថា អំណោយ​មនុស្សធម៌​ទាំងអស់នេះ ពិតជា​អាចជួយ​សម្រួល​ការខ្វះខាត​របស់​បងប្អូន​បាន​មួយរយៈ​ពេលដែល​កំពុង​រងគ្រោះ​នេះ បើទោះជា​មិន​ច្រើន​ក៏ដោយ​។ លោក​ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន សូម​យកចិត្តទុកដាក់​ពី​សុខភាព​អនាម័យ ត្រូវ​បរិភោគ​អាហារ​ដែល​ឆ្អិន​ល្អ ពិសា​ទឹក​ដាំ​ពុះ ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​អាសន្នរោគ ឬ​ជំងឺ​ផ្សេង ៗ និង​សូម​ប្រុងប្រយ័ត្ន​ក្មេង​តូចៗ​កុំឱ្យ​លេង​ទឹកជំនន់ ឬ​ទឹកភ្លៀង​ឱ្យសោះ ព្រោះ​វា​អាច​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​។

​លោក​ប្រធាន​អនុសាខា ក៏​មិន​ភ្លេច​អំពី​ការ​ក្រើនរម្លឹក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ មិនត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូ​វីដ​-១៩ ដែលជា​បញ្ហា​ប្រឈម​រួម​ទូទាំង​សកលលោក​នាពេលនេះ​។ ពោលគឺ​សំខាន់​ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង​បង្ការ​ទប់ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល និង​ការអនុវត្ត​នូវ​វិធានការ និង​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល គឺ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​ទឹកសាប៊ូ អាល់កុល ឬ​ជែ​ល និង​ពាក់​ម៉ាស​ឱ្យបាន​ត្រឹមត្រូវ​។ ក្រៅពីនេះទៀត ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​ជំងឺឆ្លង​ថ្មី គឺ​ជំងឺ​គ្រុន​ឈី​ក និង​ជំងឺគ្រុនឈាម ដែល​ឆ្លង​តាមរយៈ​មូស​ខ្លា​ញី​ខាំ ទោះជា​កុមារ​តូចៗ ឬ​មនុស្ស​គ្រប់​ពេញវ័យ ត្រូវការពារ​កុំឱ្យ​មាន​កើត​ជំងឺគ្រុនឈាម និង​ជំងឺ​គ្រុន​ឈី​ក តាមរយៈ​ការធ្វើ​អនាម័យ​នៅ​ជុំវិញ​លំនៅឋាន បំបាត់​ទីជម្រក់​មូស​ខ្លា ស្លៀកពាក់​ខោអាវ​វែងៗ និង​ត្រូវ​ដេក​ក្នុង​មុង ទោះ​យប់ ឬ​ថ្ងៃ​ក៏ដោយ​។​

​អំណោយ​មនុស្សធម៌​ដែល​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​នាពេលនោះ ដោយ​ក្នុ្ង​ង​មួយ​គ្រួសារៗ​ទទួលបាន មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​២ កន្ទេល​១ ចានស្រាក់​១​ឈុត សាប៊ូ​២​ដុំ អង្ករ​៣០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកស៊ីអ៊ីវ​១​ដប ទឹកត្រី​១​ដប ទឹកបរិសុទ្ធ​១​យួរ ទឹកក្រូច​១​យួរ និង​ថវិកា​១០​ម៉ឺន​រៀល​៕​ដោយ​៖​ហង្ស សៀក​