វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តកណ្តាល លើក​ទី​២ អាណត្តិ​ទី​៣ នៅ​ក្រុង​តាខ្មៅ​

AKP កណ្ដាល ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​១១​កើត ខែកត្តិក ឆ្នាំជូត ទោស័ក​ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២៧ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្ដាល បាន​មានប្រសាសន៍ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត គឺធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​តួនាទី ភារកិច្ច​របស់​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត ព្រមទាំង​លទ្ធផល​សំខាន់ៗ ដែល​រដ្ឋបាលខេត្ត​សម្រេចបាន តាមរយៈ​ការអនុវត្ត​នូវ​សកម្ម ភាព​នានា​ក្នុង​បណ្តា​ឆ្នាំកន្លងមក​។

​ជាពិសេស​វេទិកា​នេះ​នឹង​ផ្ដល់ឱកាស​ដល់​បងប្អូន​ប្រជា​ពល រដ្ឋ​ទាំងអស់​ឡើង​បញ្ចេញ​ជា​មតិយោបល់ សំណួរ សំណូមពរ និង​បញ្ហា​ប្រឈម​ផ្សេងៗ សម្រាប់​រដ្ឋបាលខេត្ត​យកទៅ​ពិភាក្សា ដោះស្រាយ ឱ្យមាន​ប្រសិទ្ធភាព​។​
​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ បាន​លើកឡើងថា សម្រាប់​វេទិកា​នេះ​គឺ​មិនបាន​កំណត់​ប្រធានបទ​អ្វី​ទេ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​អាច​លើក​ឡើងជា​សំណូមពរ សំណួរ បញ្ហា​ប្រឈម​នានា និង​បញ្ចេញ​មតិយោបល់​ឱ្យបាន​គ្រប់​បញ្ហា​ទាំងអស់ ។ ពីព្រោះ​នេះ​គឺជា​ឱកាស​ដ៏​ល្អ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួប​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ អាជ្ញាធរ និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​កំពុងតែ​រង់ចាំ​ស្ដាប់​នូវ​ការលើកឡើងរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។​

​នាឱកាស​នោះដែរ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល ក៏បាន​ស្នើ​ដល់ បណ្តា​មន្ទីរ​ជុំវិញ​ខេត្ត និង​អជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍​នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន ក្នុងការ​បម្រើសេវា​សាធារណៈ ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។ ត្រូវ​ចូលរួម​ទប់ស្កាត់​រាល់​បទល្មើស​នា​នា ជាពិសេស​ត្រូវខិតខំ​អនុវត្តន៍​នូវ​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យបាន​សកម្ម​បំផុត​៕ ដោយ​៖ ណ​យ នឿន (​ប្រភព​:​រដ្ឋបាល​ខេត្តកណ្តាល​)