ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តកំពង់ចាម បានទទួល​អំណោយ​មនុស្សធម៌​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​

AKP កំពង់ចាម ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០–
​នា​រសៀល​ថ្ងៃ​១១​កើត ខែកត្តិក ឆ្នាំជូត ទោស័ក​ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២៧ ខែតុលា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ចំនួន ៣៧៨​គ្រួសារ​មកពី​ស្រុក​កំពង់សៀម ស្រុក​ស្ទឹងត្រង់ ស្រុក​កងមាស និង​ក្រុង​កំពង់ចាម ដែល​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង បានមក​ទទួល​អំណោយ​របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តាមរយៈ​ឯកឧត្តម រិ​ន វីរៈ សមាជិក​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ថ្នាក់កណ្តាល តំណាង​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ខ្លូត ផន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​។​

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​ប្រជាពលរដ្ឋ ឯកឧត្តម រិ​ន វីរៈ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នូវ​ក្តី​នឹករឭក ដែលជា​និច្ច​ជា​កាល​តែងតែ​គិតគូរ ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់ពេលវេលា និង​ផ្តល់​អំណោយ​សង្គ្រោះបន្ទាន់ គ្រប់ពេលវេលា​ទាំងអស់​ទោះបី​អំណោយ​ទាំងនេះ​មាន​តិចតួច​ក្តី ប៉ុន្តែ​ក៏​អាចជួយ​សម្រាល​ការលំបាក​បាន​មួយកម្រិត ក្នុង​កាលៈទេសៈ​ប្រទេសជាតិ​កំពុង​ទទួលរង​គ្រោះ​ដោយ​ជំងឺ​រាល​ត្បា​ត​កូ​វីដ​-១៩ និង​រងគ្រោះ​ដោយ​ទឹកជំនន់​ដោយ​មិន​គិតពី​និន្នាការ​នយោបាយ ឬ​គណបក្ស​ណា​នោះទេ ពោលគឺ​ឱ្យតែ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​គឺ​យើង​ជួយ​ទាំងអស់ ។​

​ឯកឧត្តម រិ​ន វីរៈ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​សុខភាព​ការ ពារ​ខ្លួន ការពារ​ជីវិត​ពី​ជំងឺ​កូ​វីដ​-១៩ ត្រូវ​រក្សា​អនាម័យ​ដោយ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត​។​
​អំណោយ​មនុស្សធម៌ យកមកចែក​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ទាំង ៣៧៨​គ្រួសារ ដោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន អង្ករ​២៥​គីឡូក្រាម​, មី​១​កេស​, ទឹកបរិសុទ្ធ​១​កេស​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, សាប៊ូ​១​កញ្ចប់​, និង​ថវិកា ៤​ម៉ឺន​រៀល​៕​ដោយ​៖​ឆាយ ម៉ុ​ត​