ឯកឧត្តម គួច ចំរើន នាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះ ដោយអគ្គិភ័យនៅស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០

នាព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោសស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តព្រះសីហនុ រួមដំណើរដោយលោក សរ កក្កដា ប្រធានអនុសាខាកាកបាទ ក្រហមស្រុកព្រៃនប់ មន្រ្តីសាខាអនុសាខា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ០២គ្រួសារ នៅភូមិបឹងវែង ឃុំវាលរេញ ០១គ្រួសារ និងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ០១គ្រួសារ ស្រុកព្រៃនប់។

ឯកឧត្តម គួច ចំរើន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិ អាសូរពីឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះជនងាយរងគ្រោះនៅទូទាំងប្រទេសដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ។

ឯកឧត្តម ក៏បានអំពាវនាវដល់ប្រ ជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ខ្សល់ព្យុះ ទឹកជំនន់ និងគ្រោះធម្មជាតិនានា។ ក្នុងនោះចូលរួមកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ លើកកម្ពស់ការផ្លាស់ប្ដូរទម្លាប់ធ្វើអនាម័យ ទប់ស្កាត់ការចម្លងក្នុងសហគមន៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ហើយប្រសិនបើចេញទៅ ទីសាធារណៈត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជានិច្ច អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្ភារដែលផ្តល់ជូនគ្រួសាររងគ្រោះអគ្គិភ័យទាំងពីរគ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី២កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស អាវ០៥អាវ កន្ទេល០១ តង់០១ សាប៊ូ២ដប ថ្នាំដុសធ្មេញ ២ដបតូច ច្រាសដុសធ្មេញ២ដើម ឃីតមួយ កញ្ចប់ (ក្រមា១ សារុង១ មុង១ និងភួយ១) និងថវិកា ២លានរៀល ដោយឡែកលោកយាយ រងគ្រោះអគ្គិភ័យនៅភូមិព្រែកក្រាញ់ ឯកឧត្តម គួច ចំរើន ផ្តល់ថវិកាបន្ថែមចំនួន ២លានរៀល៕

ដោយ ងូ សុមុនី