ក្រសួងអប់រំប្រកាស បើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ ចាប់ពីដើមខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០

ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២០ ជាដំណាក់កាលទី៣។

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២ ០ ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈក្នុងដំណាក់កាលទី៣ បានឱ្យដឹងថា គ្រប់គ្រឹះស្ថានសាធាណៈត្រូវបន្ត និងបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។ ការអនុវត្តឆមាសទី២ នៃឆ្នាំសិក្សា២០១៩ -២០២០ គិតចាប់ពីថ្ងៃទី០៧ ខែកញ្ញា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបានបន្តថា គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សា និងកន្លែងផ្តល់សេវាអប់រំកុមារតូច ត្រូវបើកដំណើរការបង្រៀន និងរៀនពេញលេញគ្រប់កម្រិតថ្នាក់ ចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍ ដោយកំណត់កុមារចំនួនមិនលើសពី២៥នាក់ក្នុងមួយថ្នាក់។

ជាមួយគ្នានោះ ក្រសួងក៏បានណែនាំថាចំពោះការអនុវត្តកម្មវិធីសិក្សាសម្រាប់ គ្រឹះស្ថានបឋមសិក្សា គឺអនុវត្តការបង្រៀន លើមុខវិជ្ជាសិក្សាគោលពីរគឺភាសាខ្មែរ និងគណិតវិទ្យា។ មុខវិជ្ជាផ្សេង ទៀតត្រូវព្យួរសិន ដោយនឹងត្រូវរៀនបំពេញបន្ថែមនៅដើម ឆ្នាំសិក្សាបន្ទាប់។ អនុវត្តន៍ចំនួន ម៉ោងសិក្សា៥ម៉ោងសិក្សាក្នុងមួយថ្ងៃ។ អនុវត្តការបង្រៀន និងរៀន៣ថ្ងៃ និងអនុវត្តតាមការសិក្សាបែបចម្រុះ (ដូចក្នុងចំណាក់កាលទី២)។ ករណីថ្នាក់រៀនដែលមានសិស្សក្រោម ៣០នាក់ ត្រូវអនុវត្តការបង្រៀននិងរៀនពេញលេញ (មុខវិជ្ជសិក្សាគោលគឺភាសាខ្មែរ និងគណិតវិទ្យា)។

ក្រសួងក៏បានលើកឡើងដែរថា ចំណែកកម្មវីធីសិក្សាសម្រាប់គ្រឹះស្ថានមធ្យម សិក្សាថ្នាក់ទី៩ និងទី១២ ត្រូវបន្តអនុវត្តន៍ដូចក្នុងដំណាក់កាលទី១។ ថ្នាក់ទី៧ ទី៨ ទី១០ និងទី១១ ត្រូវអនុវត្តន៍ការបង្រៀន និងរៀន៣ថ្ងៃក្នុងមួយសប្តាហ៍ ដែលក្នុងមួយបន្ទប់ មានសិស្សមិន លើសពី៣០នាក់ និងអនុវត្តការសិក្សាតាមបែបចម្រុះ ដោយផ្តោតលើ មុខវិជ្ជាសិក្សា គោលយ៉ាងតិច៦មុខវិជ្ជា ស្របតាមស្ថានភាពជាក់ស្តែងនៃចំនួនបន្ទប់រៀន និងចំនួនគ្រូ។

ជាមួយគ្នានោះដែរ ក្រសួងអប់រំក៏បានបញ្ជាក់ថា ចំពោះការផ្តល់សេវាផ្សេងៗ គ្រឹះស្ថាន សិក្សាសាធារណៈអាចចាប់ផ្តើមដំណើរការឡើងវិញនូវសេវារថយន្តដឹកសិស្ស បណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាន ដោយអនុវត្ត យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ប្រតិបត្តិការស្តង់ដា(SOP)ស្តីពីសេវារថយន្តដឹកសិស្ស សេវាប ណ្ណល័យ សកម្មភាពអប់រំកាយ និងកីឡាសកម្មភាពសិល្បៈ និងសេវាអាហារ ដ្ឋាននៅតា មគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទកូវីដ១៩។ ក្នុងករណីមានការសង្ស័យ ត្រូវ រាយការណ៍និងទាក់ទងជាបន្ទាន់ជាមួយមន្ទីពេទ្យបង្អែក មណ្ឌលសុខភាព និងអាជ្ញាធរអប់រំ គ្រប់លំដាប់ថ្នាក់។

ចំពោះសាលាលិចទឹកវិញ ក្រសួងអប់រំបានឱ្យគ្រឹះស្ថានសិក្សាដែលប៉ះពាល់នេះ ដោះស្រាយដូចជា៖ អនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាប្រើប្រាស់ មួលនិធិដំណើរការសាលារៀន ដើម្បីជួសជុលទ្រង់ទ្រាយតូចរៀបចំថ្នាក់រៀនឡើងវិញ និងទិញសម្ភារៈចាំបាច់ សម្រាប់ការស ម្អាត ការលើកកម្ពស់អនាម័យ សុខភាពសិក្សា និងសុវត្ថិភាពនៅតាមសាលារៀន។ ផ្តល់បន្ថែម សៀវភៅសិក្សាគោល និងកញ្ចប់សង្គ្រោះបឋម។ កៀរគរធនធានពី ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្របន្ថែមដល់សាលារៀន ក្នុងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត៕

ដោយ អ៊ាង ប៊ុនរិទ្ធ