ឯកឧត្តម ឃួង ស្រេង ដឹកនាំកម្លាំងចុះលាងសំអាតភូមិប្រជាពលរដ្ឋក្នុងបុរីត្រពាំងថ្លឹង ក្រោយពីជំនន់ទឹកភ្លៀងបានជន់លិចជាង១៥ថ្ងៃកន្លងមកនេះ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០

ក្រោយពីមាន វិធានការបូមទឹកចេញពីបុរីពិភពថ្មី ក្នុងភូមិត្រពាំងថ្លឹងទី៤ ក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរួចមក មកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ ពីក្នុងបុរី ហើយអាជ្ញាធររាជធានីភ្នំពេញក៏បានប្រើប្រាស់កម្លាំងជាង២០០នាក់ លាងសម្អាតឱ្យ អស់កាកសំណល់ និងទឹកកខ្វក់ដែលដក់នៅតាមចិញ្ចើមផ្លូវនៅក្នុងបុរីនេះ ជាមួយនឹងការ បាញ់ថ្នាំសម្លាប់មេរោគផងដែរដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានណែនាំឱ្យអាជ្ញាធរខណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី រួមជាមួយ កម្លាំងពាក់ព័ន្ធ ដែលមានទាំងកងកម្លាំងយោធាផងដែរ នោះបានរួមគ្នា លាងសម្អាត ភូមិមួយនេះ ដើម្បីឱ្យវិលទៅរកភាពល្អប្រសើរឡើងវិញ ក្រោយពីទឹកជំនន់បានលិចលង់ លំនៅឋា នរបស់ពួកគាត់អស់រយៈពេលជាង១០ថ្ងៃកន្លងមកនេះ។

ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបាន និងកំពុងស្នាក់នៅក្នុងបុរីពិភពថ្មីគម្រោងទី២ ភូមិត្រពាំងថ្លឹងទី៤ទាំងអស់ ចូល រួមសហការជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសម្អាត និងស្ដារឡើងវិញនូវភក់ និងទឹកស្អុយដែលមាននៅលើដងផ្លូវនោះ៕

ដោយ សួស សំរិត