CAMSOC លើកទិសដៅបន្តឆ្ពោះទៅរៀបចំម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ នៅវិមានមិត្តភាព នៅព្រឹក​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត​របស់​ខ្លួន ឆ្ពោះទៅរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​បញ្ជាក់ជូនថា សម្តេចប្រធានបានពិនិត្យមើលលើវឌ្ឍនភាពការងារ ដោះស្រាយលើបញ្ហា​ប្រឈមមួយចំនួន និងបន្តជំរុញការងារពិធីបើក-បិទ ការប្រារព្ធពិធីសុំភ្លើងគុប ការរត់ភ្លើង​គុប ក៏ដូចជារៀបចំកម្មវិធីអប់រំសង្គមបញ្ជ្រាបការយល់ដឹងពីស៊ីហ្គេម ឆ្នាំ២០២៣ទៅដល់​ស្រទាប់មហាជននូវកម្មវិធីពលរដ្ឋម្នាក់លេងកីឡាមួយមុខ កម្ពុជាស្អាត និងបដិសណ្ឋារ​កិច្ចល្អ ការអប់រំការកាត់បន្ថយគ្រឿងញៀន ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ក្រៅពី​នេះសម្តេចប្រធានក៏បានជំរុញឱ្យ​ត្រៀមលក្ខណៈអភិវឌ្ឍន៍បច្ចេកទេសចូលរួមប្រកួត​ប្រជែងមេដាយ ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដែលនេះជាយុទ្ធសាស្ត្រ​​វាយ​តម្លៃ​ចុង​ក្រោយ ក្នុងការវាស់ស្ទង់សមត្ថភាពរបស់ខ្លួន ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅព្រះ​រាជា​​ណា​ចក្រ​កម្ពុជា។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា នៅក្នុងកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តកិច្ចខិតខំ ដើម្បីស្វែងរក​មេដាយ​ឱ្យ​បានល្អប្រសើរ។ សម្តេចប្រធាន CAMSOC បានផ្តល់អនុសាសន៍ណែនាំ​ដ៏ខ្ពង់​ខ្ពស់ និង​បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់គណៈកម្មការជំនាញរបស់ CAMSOC នៅ​ក្នុងដំណើរការសកម្មភាពការងារជាដំណាក់ៗបានល្អប្រសើរ ដែលធ្វើឱ្យ​មាន​ក្តីសង្ឃឹម និង​កក់ក្តៅ ក្នុងការអនុវត្តការងារបន្តទៅមុខទៀត។ ឯកឧត្តមអគ្គលេខាធិការបាន​លើកឡើង​នូវប្រសាសន៍គំាទ្ររបស់សម្តេចប្រធាន សម្រាប់ការត្រៀមពិធីបើក-បិទ ដែល​ជាពិធី​ដ៏អស្ចារ្យ និងមានសារៈសំខាន់ ហើយសម្តេចក៏បានចង្អុលបង្ហាញជូនដល់​លោកជំទាវ​ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាប្រធានគណៈកម្មការ​ជំនាញវប្បធម៌ នៃ CAMSOC ជួយជំរុញបញ្ជ្រាបវប្បធម៌របស់​យើង​ចូលទៅក្នុងកម្មវិធីបើក-បិទ ឱ្យកាន់តែអស្ចារ្យ និងមានភាពប្រណីត។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងទៀតថា នៅរាល់ដំណើរការពីមួយដំណាក់​កាល​ទៅមួយដំណាក់កាល ពីមួយត្រីមាសទៅមួយត្រីមានឃើញថា វឌ្ឍនភាពការងារបាន​និងកំពុងឆ្ពោះទៅក្នុងដំណើរការដ៏ត្រឹមត្រូវតាមផែនការយ៉ាងរលូន ដោយមិនមានអ្វីជាឧប​សគ្គរាំងស្ទះអ្វីទេ។ ប៉ុន្តែអ្វីជាកង្វល់ នោះគឺលើផ្នែកបច្ចេកទេស ដែលគណៈកម្មការជំរុញ​ផ្នែក​បច្ចេកទេសនេះមានការលូតលាស់ឡើង ដោយបញ្ហានេះ CAMSOC នឹងបន្តធ្វើកិច្ច​សហ​ការ​ជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិនានា រួមជាមួយនឹង​គណៈ​កម្មាធិ​ការជាតិអូឡាំពិកកម្ពុជា ក្នុងគោលដៅដ៏ចម្បងរុញគោលដៅយុទ្ធសាស្ត្រឱ្យ​ការហ្វឹក​ហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិត្រូវទៅតាមស្តង់ដារវិទ្យាសាស្ត្រ​កីឡា។ ការ​ហ្វឹក​ហាត់ឱ្យត្រូវតាមក្បួនវិទ្យាសាស្ត្រកីឡានេះ គឺដើម្បីឱ្យមានភាពជឿជាក់ថា ការហ្វឹក​ហាត់​របស់ក្រុមជម្រើសជាតិឱ្យទទួលបានលទ្ធផល និងគុណផលកីឡាកម្រិតខ្ពស់ ដើម្បី​ត្រៀម​ប្រកួតប្រជែងមេដាយ នៅក្នុង កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ ព្រះរាជាណា​ចក្រកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះនឹងរៀបចំធ្វើសិក្ខាសាលាថ្នាក់ជាតិ​មួយដ៏ធំ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយនូវគោលដៅទាំងអស់របស់ CAMSOC ជូនដល់ភាគី​ពាក់ព័ន្ធ ហើយនឹងបន្តការផ្សព្វផ្សាយនេះជូនដល់ប្រជាពលរដ្ឋ ដែលគេដឹងច្បាស់ហើយ​ថាឯកឧត្តមលោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥គឺជាអនុប្រធាន CAMSOC ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងស៊ីជម្រៅជូនដល់ប្រជា​ពលរដ្ឋនៅទូទាំង ប្រទេសផងដែរ៕

ដោយ ហេង ណាលីន
រូបថត៖ ខឹម សុវណ្ណារ៉ា