ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាង គោលនយោបាយ ស្តីពីភ្ញៀវទេសចរពិសេស

AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០–

​ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោល នយោបាយស្តីពីភ្ញៀវទេសចរពិសេស ក្រោមអធិបតីភាពឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងទេសចរណ៍ នៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

​សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយនេះមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនប្រមាណជាង៦០នាក់ ដើម្បីប្រមូលមតិយោបល់ និងធាតុចូលបន្ថែមទៀត ក្នុងគោលបំណងប្រែក្លាយឯកសារនេះ ជាត្រីវិស័យដ៏មុតស្រួចរបស់ រាជរដ្ឋាភិបាល ក្នុងការស្តារ ជំរុញកិច្ចអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នក្នុងក្របខ័ណ្ឌ សេដ្ឋកិច្ច-សង្គមទាំងមូល ក្នុងស្ថានភាពដែលកម្ពុជាកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺ កូវីដ១៩។
​សេចក្តីព្រាងគោលនយោបាយស្តីពីភ្ញៀវទេសចរពិសេសមានគោលបំណងគឺ៖ ១. ជំរុញលំហូរ សកម្មភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមគោលដៅដែលមានការរៀបចំ និងគ្រប់គ្រងច្បាស់លាស់, ២. ជំរុញកម្ពុជា ជាគោលដៅទេសចរណ៍មានសុវត្ថិភាព បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងផ្តល់តំលៃបន្ថែម ព្រមទាំងផលសេដ្ឋកិច្ច-សង្គមខ្ពស់ និង៣. ជំរុញទាក់ទាញបន្ថែមការវិនិយោគលើវិស័យទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ដទៃទៀត ពិសេសជំរុញការលើកទឹកចិត្តទេសចរពិសេស ឱ្យចូលរួមវិនិយោគ និងអភិវឌ្ឍន៍នៅកម្ពុជា។

​សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវ អនុក្រឹត្យស្តីពី “តំបន់ទេសចរណ៍ពិសិដ្ឋ” ហើយក្នុងស្ថានភាពដែលកម្ពុជា បាន និងកំពុង ទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ ដោយមានការគាំទ្រ ពីរាជរដ្ឋាភិបាល កម្ពុជា បាររៀបចំសេចក្តីព្រាងគោលនយោបាយ ស្តីពីទេសចរពិសេស៕ ដោយ​ ម៉ៅ​ចរិយា