កម្ពុជា-រុស្ស៊ី នឹងធ្វើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០—
​កម្ពុជា-រុស្ស៊ី នឹងធ្វើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌ ហើយច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញ ទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ីនេះ ត្រូវបានសម័យប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាព​ ​ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភា បានឱ្យយោបល់យល់ព្រមដោយ ឥតកែប្រែចំនួន ៥៦សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូលនាព្រឹកថ្ងៃទី២៧ ខែតុលានេះ ដោយចាត់ទុក្ខសេចក្តីព្រាងច្បាប់នេះផ្តល់សារៈសំខាន់ និងអត្ថប្រយោជន៍ដល់គូភាគីក្នុង ការបង្កើតឱ្យមានក្រប​ខ័ណ្ឌ​គតិយុត្តិសម្រាប់ធ្វើដំណើរ និងអនុវត្តន៍សំណើសុំជំនួយទៅវិញទៅ មកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដើម្បីជួយដល់ការស៊ើបអង្កេត និងនីតិវិធីតុលាការ របស់ភាគីនីមួយៗ។

​ឯកឧត្តម ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានថា សេចក្តីព្រាងច្បាប់នេះមានគោលបំណងពង្រឹងមូលដ្ឋានច្បាប់ នៃការជួយគ្នាទៅវិញទៅមក ក្នុងវិស័យព្រហ្មទណ្ឌលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង ប្រទេសកម្ពុជា-រុស្ស៊ី ដោយឈរលើគោលការណ៍គោរពនូវអធិបតេយ្យភាព សាមគ្គីភាព សមភាពសុចរិតភាពដែនដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផលប្រយោជន៍គ្នា ទៅវិញទៅ មក។
ឯកឧត្តមបន្តថា សេចក្តីព្រាងច្បាប់នេះផ្តល់សារៈសំខាន់ និងអត្ថប្រយោជន៍ ដល់គូភាគី ក្នុងការបង្កើតឱ្យមានក្របខ័ណ្ឌគតិយុត្តសម្រាប់ធ្វើដំណើរ និងអនុវត្តសំណើសុំជំនួយទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដើម្បីជួយដល់ការស៊ើបអង្កេត និងនីតិវិធីតុលាការ របស់ភាគីនីមួយៗ។ សេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របនឹងមាត្រា៣៨ និង១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ និងមានសុគតភាពជាមួយក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ មានលក្ខណៈ ត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់។

​សូមបញ្ជាក់ថា សម័យប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាព​ ​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភាព្រឹកមិញនេះ ក៏បានឱ្យ យោបល់យល់ព្រមដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ចំនួន ៤ទៀត ដូចជាសេចក្តី ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅ មកផ្នែក ច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប អូហ្សូនផងដែរ៕ ដោយ ប៉ាល់សុង