ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមក្នុងពិធីផ្ដល់ កូនមាន់ កូនត្រី និងចំណី ដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ និងអាជីវកម្មចិញ្ចឹមត្រី នៅស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០–

នាព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ ផ្ដល់សម្ភារកសិកម្មរួមមាន៖ កូនមាន់ កូនត្រី និងចំណីដល់សមាជិកបណ្ដុំ អាជីវកម្មចិញ្ចឹមមាន់ អាជីវកម្មចិញ្ចឹមត្រី មកពី៤ឃុំ ក្នុងស្រុកព្រៃនប់សរុបចំនួន ១១៦នាក់ នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរ ស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចិញ្ចឹមត្រី។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា អនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុហៅកាត់ថា “ASPIRE” ជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ ក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ថ្ងៃនេះយើងរៀបចំផ្តល់កូនមាន់ កូនត្រី ចំណី និងសម្ភារៈ សម្រាប់គាំទ្រដល់បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ និងចិញ្ចឹមត្រីនៃកម្មវិធី ASPIRE នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់។ ឆ្នាំ២០២០ មន្ទីរកសិកម្មខេត្តបាន អនុវត្តន៍កម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាស ធាតុក្នុងស្រុកគោលដៅចំនួន៣ ដែលមាន ១៥ឃុំ និងបន្តផ្តល់កូនមាន់ កូនត្រី និងចំណី ដល់សមាជិកបណ្ដុំអាជីវកម្ម ចិញ្ចឹមមាន់ចំនួន៥៩គ្រួសារ និងសមាជិកបណ្ដុំអាជីវកម្ម ចិញ្ចឹមត្រីចំនួន៥៧គ្រួសារ ដែលមកពីឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ មានឃុំសាមគ្គី ឃុំទឹកល្អក់ ឃុំទឹកថ្លា និងឃុំសំរុង មានកូនមាន់អាយុ២១ថ្ងៃ ចំនួន ១,១៨០ក្បាល មានទ្រុងចំនួន៥៩ ស្នូកទឹក៥៩ ស្នូកចំណី៥៩ និងចំណីកូនមាន់ ៥៩០គីឡូក្រាម, និងកូនត្រីចំនួន ២៩,៧០០ក្បាល និងចំណីត្រី ១,៤២៥គីឡូក្រាម។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កោតសរសើរមន្ទីរ កសិកម្មបាន អនុវត្តន៍កម្មវិធី ASPIRE និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ និងផ្តល់កូនមាន់ កូនត្រី និងចំណីដល់ប្រជាកសិករ សមស្របតាមកាលៈទេសៈនៅកម្ពុជា និងពិភពលោកកំពុងប្រឈមនឹង វិបត្តិជំងឺកូវីដ-១៩ ។

ឯកឧត្តមអភិបាលខេត្តបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាវា WESTERDAM ចូលចត កំពង់ផែខេត្តព្រះសីហនុ ខណៈប្រទេសជាច្រើនមិនអនុញ្ញាតឱ្យនាវានេះចូលចត ដោយសារ ជំងឺកូវីដ-១៩ ដើម្បីជួយសង្គ្រោះជីវិតភ្ញៀវអន្តរជាតិនៅលើនាវា ហើយពួកគាត់បាន វិលត្រឡប់ ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន។ កម្ពុជាជាប្រទេសកសិកម្ម មានលទ្ធភាពផលិត ចិញ្ចឹមប្រជាពលរដ្ឋ និងធ្វើការនាំចេញទៅប្រទេសដែលមាន ការខ្វះខាតស្បៀង។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានដោះស្រាយថវិកាជូនកម្មករ រងផលប៉ះពាល់ដោយ សារជំងឺកូវីដ-១៩ ឱ្យពួកគាត់ងាកមកប្រកបការ ងារកសិកម្ម និងជួយដោះស្រាយជីវភាព ក្នុងគ្រួសារ។ ការចែកកូនមាន់ កូនត្រី និងចំណីនាពេលនេះ បានផ្តល់អត្ថប្រយោជន៍ជូន ប្រជាពលរដ្ឋស្របតាមកម្មវិធី ASPIRE និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមចិញ្ចឹមមាន់ ចិញ្ចឹមត្រី ជាបណ្តុំអាជីវកម្មមានសក្តានុពលគ្រប់ក្រុមគ្រួសារលើកស្ទួយកម្ពស់សេដ្ឋកិច្ចគ្រួសារ និងក្លាយជាទីផ្សារផ្គត់ផ្គង់មាន់ ត្រីផងដែរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំមន្ទីរកសិកម្មបន្តចុះអប់រំ ផ្សព្វផ្សាយ ណែនាំអំពីរបៀបថែទាំ ផ្តល់ចំណីឱ្យបានល្អ ទទួលបានអត្ថប្រយោជន៍ដល់កសិករនៅតាម សហគមន៍ក្នុងខេត្តព្រះសីហនុបន្តទៀត។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានអញ្ជើញទៅពិនិត្យសកម្មភាព ចិញ្ចឹមត្រីអណ្តែងរបស់កសិករនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ផងដែរ៕ ដោយ ងូ សុមុនី