មន្រ្តីពេទ្យសត្វខេត្តសៀមរាប បន្តចុះចាក់វ៉ាក់សាំងសត្វគោក្របី បានចំនួន៣៩៥ក្បាល នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០–

បច្ចុប្បន្ននេះកសិករចិញ្ចឹមសត្វគោ ក្របី ដើម្បីទុកភ្ជួរស្រែចម្ការនៅខេត្តសៀមរាប នៅតែបន្តថែរក្សាទំនៀមទម្លាប់នេះតាំងពីដូនតាមក ដោយពួកគាត់មិនទាន់បោះបង់ចោល នៅឡើយ ទោះបីសម័យបច្ចេកវិជ្ជាទំនើបកើតមានក៏ដោយ។ ដើម្បីថែទាំសុខភាពសត្វទាំង នេះនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រមទាំងពេទ្យសត្វតាមភូមិ បានបន្ត ចុះចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗដល់សត្វគោ ក្របី របស់ពលរដ្ឋនៅក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាបបានចំនួនសរុប៣៩៥ក្បាល។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា កម្មវិធីចាក់ថ្នាំវ៉ាក់សាំងគោ ក្របី គឺជាផ្នែកមួយនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដែលជាគោល នយោបាយ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តម្រូវឱ្យប្រជាពលរដ្ឋមិនថា នៅខេត្តសៀមរាប នោះទេ គឺនៅទូទាំងប្រទេសយកគោ,ក្របី មកទទួលការរក្សាសុខភាពតាមរយៈការចាក់ថ្នាំ ការពារសុខភាព។

លោកបន្តថា នៅថ្ងៃនេះក្រុមការងារនៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដាក់កម្មវិធីជាមួយអាជ្ញាធរ មូលដ្ឋាន ដើម្បីប្រមូលសត្វគោ ក្របីរបស់ពលរដ្ឋនៅក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាបនេះ ដើម្បីទទួលវ៉ាក់សាំងការពារជំងឺឆ្លងបានចំនួន៣៩៥ក្បាល ក្នុងនោះក្របី៣០២ក្បាល និងគោ ៩២ក្បាល។

លោកបន្តថា សម្រាប់វ៉ាក់សាំងទាំងនេះ គឺទទួលបាន ក្នុង១ឆ្នាំ២ដង គឺឆមាសទី១ និងឆមាសទី២។ សត្វដែលមកទទួលការចាក់ថ្នាំការពារនេះគឺមិនយកប្រាក់កម្រៃទេ។ ប្រភេទ វ៉ាក់សាំងដែលទទួលបាននោះគឺទី១សាទឹក គោ ក្របី ទី២វ៉ាក់សាំងបូសខ្យល់ ទី៣វ៉ាក់សាំង អ៊ុតក្តាម។

ជាមួយគ្នានេះដែរ លោកបានអំពាវនាវដល់បងប្អូនពលរដ្ឋពេលទទួលបានព័ត៌មាន ពីអាជ្ញាធរភូមិឃុំដែលបានផ្សព្វផ្សាយណាត់កម្មវិធីចាក់វ៉ាក់សាំងនេះហើយ សូមបងប្អូន ប្រញាប់យក គោក្របីមកចាក់ឱ្យបានទាន់ពេលគ្រប់ៗគ្នាដើម្បីការពារផលប្រយោជន៍ នៃការ ចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានគង់វង្ស និងមានសុខភាពល្អ៕ ដោយ ឃុត សៅ