ការការពារសត្វផ្សោតទន្លេមេគង្គកុំឱ្យផុតពូជ ទាមទារឲ្យមានកិច្ចសហការពហុភាគីខ្លាំងក្លាជាងមុន

AKP ក្រុងក្រចេះ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០–

កិច្ចប្រជុំផ្សព្វផ្សាយថ្នាក់ខេត្តដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន នាថ្ងៃនេះបានបញ្ចប់ជាមួយនឹងសេចក្តីសន្និដ្ឋានមួយស្តីពីសេចក្តីត្រូវការចាំបាច់បន្ទាន់នូវវិធានការនិងការអនុវត្តសកម្មភាពរួមគ្នាឱ្យកាន់តែខ្លាំងក្លាជាងមុនដើម្បីសង្រ្គោះសត្វផ្សោតទន្លេមេគង្គពីការផុតពូជ បន្ទាប់ពីអ្នកពាក់ព័ន្ធបានផ្សព្វផ្សាយខ្លឹមសារនៃរបាយការណ៍នៃការប៉ាន់ប្រមាណចំនួនសត្វផ្សោតក្នុងឆ្នាំ២០២០នេះ។ វិធានការរួមផ្តោតសារៈសំខាន់ និងភាពចាំបាច់ដែលអ្នកពាក់ព័ន្ធត្រូវលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូរវាងតួអង្គនិងភាគីសំខាន់ៗទាំងអស់សម្រាប់ការអភិរក្សសត្វផ្សោតទន្លេមេគង្គ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ WWF។

ប្រភពដដែលបានឱ្យដឹងថា រដ្ឋបាលជលផលនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ WWF កាលពីសប្ដាហ៍មុនបានប្រកាសជាផ្លូវការថា សត្វផ្សោតទន្លេមេគង្គបច្ចុប្បន្នមានចំនួនត្រឹមតែ ៨៩ ក្បាលប៉ុណ្ណោះ ដែលព័ត៌មាននេះបានបង្ហាញថា ចំនួនសត្វផ្សោតស្ថិតនៅកម្រិតថេរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ គិតចាប់តាំងពីរបាយការណ៍នៃជំរឿនសត្វផ្សោតឆ្នាំ២០១៧មក។

សិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្តត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពជូនដល់ភាគីពាក់ព័ន្ធសំខាន់ៗ ស្ដីអំពីស្ថានភាព និងចំនួនសត្វផ្សោតទន្លេមេគង្គ ដោយផ្អែកលើរបាយការណ៍នៃការប៉ាន់ប្រមាណចំនួនសត្វផ្សោតឆ្នាំ២០២០ ដែលត្រូវអនុវត្ត និងចងក្រងដើម្បីផ្សព្វផ្សាយដោយរដ្ឋបាលជលផល និងអង្គការ WWF។

អ្នកចូលរួមក្នុងកិច្ចប្រជុំនេះមានដូចជាមន្ដ្រីជាន់ខ្ពស់ និងបុគ្គលិកមកពីរដ្ឋបាលជលផល អង្គការ WWF ខណ្ឌរដ្ឋបាលជលផលនិងអាជ្ញាធរខេត្តក្រចេះនិងស្ទឹងត្រែង ព្រមទាំងសហគមន៍មូលដ្ឋាន យុវជន តំណាងអង្គការមិនមែនរដ្ឋាភិបាល និងដៃគូនានា។

ក្រៅពីស្តាប់ការបង្ហាញអំពីលទ្ធផលនៃការអភិរក្ស ការចែករំលែកនូវមេរៀននិងបទពិសោធន៍ដែលទទួលបានពីការអភិរក្ស នាពេលកន្លងមក ក៏ដូចជាលើកឡើងនូវគំនិតថ្មីៗសម្រាប់ជាការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ក្នុងការការពារសត្វផ្សោត ក្នុងកិច្ចប្រជុំនេះគេក៏បានពិភាក្សាផងដែរអំពីតួនាទីរបស់យុវជន និងសហគមន៍មូលដ្ឋានក្នុងការរួមចំណែកដល់ការការពារសត្វផ្សោតទន្លេមេគង្គនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវាឱ្យនៅគង់វង្ស។

ឯកឧត្តម ស្រ៊ុន លឹមសុង អគ្គនាយករងនៃរដ្ឋបាលជលផល បានមានប្រសាសន៍ថា“ការងារអភិរក្សសត្វផ្សោតត្រូវការការចូលរួមរបស់យើងទាំងអស់គ្នា រួមទាំងយុវជនផងដែរដែលជាអ្នកមានតួនាទីសំខាន់មួយក្នុងការផ្សព្វផ្សាយ និង បញ្ជៀបការយល់ដឹងអំពីការការពារសត្វផ្សោតនៅកម្ពុជា។” ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា “កម្រិតនៃការចូលរួមរបស់យុវជននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយអំពីសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំនេះ បង្ហាញថាយុវជនកម្ពុជាច្រើនឡើងៗបានផ្តោតចំណាប់អារម្មណ៍លើការចូលរួមចំណែកការពារសត្វផ្សោតទន្លេមេគង្គ។”

សត្វផ្សោតទន្លេមេគង្គកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាបញ្ជីអន្តរជាតិថ្នាក់ខ្ពស់បំផុតនៃការចាត់ថ្នាក់ប្រភេទសត្វរងគ្រោះ ហើយសត្វផ្សោតទន្លេមេគង្គជាប្រភេទសត្វដែលត្រូវបានការពារយ៉ាងពេញលេញដោយច្បាប់ជលផលរបស់ព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ សត្វផ្សោតនៅតែបន្ដប្រឈមនឹងគ្រោះថ្នាក់ដោយសារការជាប់មងនេសាទ ការសាងសង់ទំនប់វារីអគ្គីសនីនៅចរន្ដទឹកខាងលើមេគង្គ ការនេសាទហួសកម្រិត និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាការឆក់ជាដើម ក្នុងចំណោមកត្តាគម្រាមកំហែងចំបងៗផ្សេងទៀត។

លោក សេង ទៀក នាយកអង្គការ WWF បានមានប្រសាសន៍ថា “ការអនុវត្តវិធានការអភិរក្សរួមគ្នានាប៉ុន្មានឆ្នាំកន្លងមកនេះបានរួមចំណែកបន្ថយអត្រានៃការធ្លាក់ចុះនៃចំនួនសត្វផ្សោតបានមួយកម្រិត ប៉ុន្តែភាគីពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នាអនុវត្តវិធានការបន្ទាន់បន្ថែមទៀតដើម្បីធានាថា ស្ថានភាព និងចំនួនសត្វផ្សោតអាចប្រសើរឡើងបាន។”

ការខិតខំប្រឹងប្រែងក្នុងការអភិរក្សនាពេលកន្លេងមករហូតដល់បច្ចុប្បន្ននេះ អាចដំណើរការទៅបាន ដោយមានការគាំទ្រពី ជំនួយរបស់រដ្ឋាភិបាលប៊ែលហ្ស៊ិក (DGD), ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC), BMZ, អង្គការ WWF-ប៊ែលហ្ស៊ិក, WWF-សុយអ៊ែត, WWF-ស្វីស, WWF-ហូឡង់, WWF-សិង្ហបុរី, WWF-អាល្លឺម៉ង់, H&M, The King Baudouin Foundation, ស្ថាប័នស្រាវជ្រាវ និងអភិរក្ស Zoo Nuremberg។

រដ្ឋបាលជលផល និងអង្គការ WWF បានប្ដេជ្ញាចិត្តក្នុងការបន្ដសហការជិតស្និទ្ធជាមួយនឹងសហគមន៍មូលដ្ឋាន និងដៃគូរផ្សេងទៀតដើម្បីជំរុញការខិតខំបន្ថែមរួមគ្នាក្នុងការអនុវត្តអនុសាសន៍នានាដែលបានចែងក្នុងរបាយការណ៍នៃការប៉ាន់ប្រមាណចំនួនសត្វផ្សោតទន្លេមេគង្គឆ្នាំ ២០២០។

អនុសាសន៍ទាំងនោះរួមមានការពង្រឹងការអនុវត្តច្បាប់ជលផល និងការពង្រឹងការហាមឃាត់ការប្រើប្រាស់មងនេសាទខុសច្បាប់ក្នុងតំបន់ការពារជម្រកសត្វផ្សោត ការបន្ដការតាមដាននិងស្រាវជ្រាវចំនួនសត្វផ្សោតនៅក្នុងទន្លេមេគង្គ និងការគ្រប់គ្រងតំបន់ “រ៉ាមសារ” ក្នុងខេត្តស្ទឹងត្រែង ដើម្បីបង្កើនទិន្នផលត្រីសម្រាប់ជាប្រភពអាហាររបស់សហគមន៍មូលដ្ឋាន និងជាចំណីសម្រាប់សត្វផ្សោត៕
ដោយៈ គង់ សិរីរ័ត្ន
សម្រួលផ្សាយ៖ កន ចំណាន