​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​កីឡា​ទូកក្តោង​ផ្តោតលើ​គោលដៅ​ចម្បង ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣

AKP កែប ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០–
​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​កីឡា​ទូកក្តោង ជា​លើកដំបូង​នៅ​ខេត្ត​កែប រយៈពេល​០៣​ថ្ងៃ ដោយ​តំណាង​សហព័ន្ធ​កីឡា​ជំនាញ​មួយ​នេះ​បានបង្ហាញ​នូវ​គោលដៅ​របស់ខ្លួន​ថា វគ្គ​សិក្សា​នេះ​គឺ​ផ្តោតលើ​គោលដៅ​ចម្បង​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​លោក សោម​សុទ្ធ រិ​ទ្ធ​ពង្ស អគ្គលេខាធិការ សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​បញ្ជាក់ថា ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែលជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ហើយ​ក្នុងនោះ​ប្រភេទ​កីឡា​ទូកក្តោង ដែលជា​កីឡា​លើទឹក​មួយ​ប្រភេទ​មាន​ប្រជា ប្រិយភាព​នៅក្នុង​តំបន់ និង​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក និង​មាន​ប្រតិភូ អត្ត​ព​លិ​ក មកពី​បណ្តា​ប្រទេស​អាស៊ាន​យ៉ាងតិច​ចំនួន​៨​ប្រទេស​ចូលរួម​។ វគ្គ​បណ្តុះបណ្តាល​នេះ​គាំទ្រ​ដោយ​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បានរៀបចំ​វគ្គ បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​កីឡា​ទូកក្តោង​ជា​លើកដំបូង​នៅ​ខេត្ត​កែប ក្នុង​គោលបំណង​ឱ្យ​ប្រភេទ​កីឡា​ទូកក្តោង​របស់​កម្ពុ​ជាមាន​មន្ត្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​កាន់តែច្រើន សម្រាប់​ត្រៀម​ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ និង​ដើម្បី​បង្ហាញ​ដល់​មហាជន​បានឃើញ និង​ស្វែងយល់​អំពី​ប្រភេទ​កីឡា​ទូកក្តោង​ផងដែរ​។​

​អគ្គលេខាធិការ​រូបនេះ​បាន​ចាត់ទុកថា មន្ត្រី​បច្ចេកទេស​រៀបចំ​ការប្រកួត គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​លើ​ការរៀបចំ​ការប្រកួត​យ៉ាងណា​ឱ្យមាន​គុណភាព និង​ស្របតាម​ច្បាប់​ដែល​សហព័ន្ធ​អន្តរជាតិ​បានកំណត់ រួមទាំង​មាន​តម្លាភាព​ក្នុងការ​ប្រកួត​ដល់​កីឡាករ​ដែល​ចូលរួម​គ្រប់រូប​។ វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​នេះ​យើង​ផ្តោត​សំខាន់​ទៅលើ​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង ដោយ​ការសិក្សា​លើ​ផ្នែក​ទ្រឹស្តី​បានលើកឡើង​អំពី​ប្រវត្តិ​នៃ​កីឡា​ទូកក្តោង សម្ភារ​ប្រើប្រាស់​សម្រាប់​រៀបចំ​ការ​ប្រកួត ក្បួនខ្នាត​នៃ​ទីលាន​ប្រកួត ការប្រើប្រាស់​សញ្ញា​ផ្សេងៗ និង​បទ​បញ្ញា​ត្តិ​នៃ​ការប្រកួត​។ ចំពោះ​ការអនុវត្ត គឺ​គ្រូឧទ្ទេស​បាន​ផ្តល់ឱ្យ​សិក្ខាកាម​អនុវត្តន៍​ដោយផ្ទាល់​លើ​ការប្រកួត​មួយ និង​មានការ​ពន្យល់​ផ្ទាល់​នៅលើ​ទឹក​។​

​ជា​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​កីឡា​ទូកក្តោង រយៈពេល​០៣​ថ្ងៃ​កន្លងមកនេះ សិក្ខាកាម​ទាំង​២៤​នាក់​ទទួលបាន​នូវ​ចំណេះដឹង​លើ​ការរៀបចំ​ទម្រង់​នៃ​ការប្រកួត​ការប្រើប្រាស់​ទង់​សញ្ញា សំឡេង​សម្គាល់ និង​ច្បា​ប់ប​ញ្ញ​តិ្ត​ផ្សេងៗ និង​បាន​អនុវត្តន៍​ផ្ទាល់​នៅលើ​ផ្ទៃ​ទឹក ដោយ​សិក្ខាកាម​ទទួលបាន​និ​ទេ្ទ​ស​ល្អ ចំនួន ១១​នាក់ ស្មើនឹង​៤៦​ភាគរយ​, និទ្ទេស​ល្អ​បង្គួរ ៧​នាក់​ស្មើនឹង​២៩​ភាគរយ​, និ​ទេ្ទ​ស​មធ្យម ៤​នាក់​ស្មើនឹង​១៧​ភាគរយ និង​និ​ទេ្ទ​ស​ខ្សោយ ២​នាក់​ស្មើនឹង​៨​ភាគរយ ។​

​សូមបញ្ជាក់ថា នៅក្នុង​ឱកាស​បិទ​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវ​បានផ្តល់​កិត្តិយស​ពី​លោកជំទាវ អ៊ុ​ល ភីរុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កែប និង​មានការ​ចូលរួម​ពី​សំណាក់​លោក ងួន ច័ន្ទ សុជាតា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​, លោក ទុយ ប៊ុន​ហឿង តំណាង​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា និង​លោក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា នៅ​សណ្ឋាគារ ថ្ងៃ​បាំង​ឆ័​ត្រ ខេត្ត​កែប​៕​ដោយ​៖ហេង ណា​លីន សម្រួលផ្សាយដោយ៖ ធូ កុសល

   ​