ក្រុម​បឹងកេត​គ្រង​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ២០២០ ទទួលបាន​ប្រាក់រង្វាន់ ១៥០​លាន​រៀល​

AKP ភ្នំពេញ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០–
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានរៀបចំ​កម្មវិធី​បំពាក់​មេដាយ​ជូន​ក្រុម​ជ័យលាភី និង​ប្រគល់​ពានរង្វាន់​ជួន​ដល់​ក្រុម​បឹងកេត ដែល​ឈ្នះ​ជើង ឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០២០ នៅ​យប់​ថ្ងៃ​១០​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​ក្រុម​បឹងកេត ដែល​គ្រង​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០២០​នេះ បន្ទាប់ពី​រកបាន​១​ពិន្ទុ​បន្ថែម​នៃ​ប្រកួត​ដ៏​សំខាន់​ចុងក្រោយ​លើ​ម្ចាស់ផ្ទះ ភ្នំពេញ​ក្រោ​ន ១​ទល់​១ កាលពី​យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ខណៈ​ក្រុម​ការពារ​ម្ចាស់​ជើងឯក​រដូវ​កាល ២០១៩ ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ត្រឹង​ជើងឯក​រង ក្រោយ​យកឈ្នះ​ណាហ្គា​វើ​ល ៤​ទល់​០ នៃ​១​ប្រកួត​ចុងក្រោយ​ដូចគ្នា ។ ឆ្លងកាត់​១៧​ប្រកួត បឹងកេត ឈ្នះ​១២​ប្រកួត ស្មើ​៥​ប្រកួត និង​មិនដែល​ចាញ់​ឡើយ ដោយមាន​៤១​ពិន្ទុ ខណៈ​១៧​ប្រកួត​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​១៣​ប្រកួត ស្មើ​២ និង​ចាញ់​២ មាន​៤១​ពិន្ទុ ដែល​គិត​លើ​រូបមន្ត Head-to-Head​។ ចំណែកឯ​ក្រុម​ភ្នំពេញ​ក្រោ​ន​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៣ ដោយមាន​៣៣​ពិន្ទុ ស្របពេល​ក្រុម​កងយោធពល​ខេមរភូមិន្ទ​ជាប់​ចំណាត់ថ្នាក់​លេខ​៤ មាន​២៧​ពិន្ទុ​។​

​សម្រាប់​ជ័យលាភី​ឯកត្តជន និង​ជ័យលាភី​ក្រុម​នៃ​ការប្រកួត​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០២០​នេះ​រួមមាន​៖ ពានរង្វាន់​អាជ្ញាកណ្តាល​ល្អ​មាន​៤​រូប ទទួលបាន​ប្រាក់រង្វាន់ ៨​លាន​រៀល​, ក្រុម​លេង​ដោយ​យុត្តិធម៌ បាន​ទៅលើ​ក្រុមយុវជន​បាទី ៨​លាន​រៀល​, អ្នកចាំទី​ល្អ កីឡាករ ហ៊ុល គឹម​ហ៊ុយ ក្លឹប​បឹងកេត ៣​លាន​រៀល​, គ្រូបង្វឹក​ល្អ លោក គឹម ភក្តី ក្លឹប​បឹងកេត ៣​លាន​រៀល​, អ្នក​ទាត់​បញ្ចូល​ទី​ច្រើនជាងគេ (១៦​គ្រាប់​) កីឡាករ​មកពី​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង កីឡាករ Jean Marie Privat Befolo MBarga ស្បែកជើង​មាស អមដោយ​ថវិកា ៣​លាន​រៀល​, កីឡាករ​ល្អ​ជាងគេ​បាន​ទៅលើ​កីឡា​ក្លឹប​បឹងកេត ម៉ាត់ ណូ​រុន ៣​លាន​រៀល​។ ជ័យលាភី​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅ​ក្រុម​កងយោធពល​ខេមរភូមិន្ទ ប្រាក់រង្វាន់​៤០​លាន​រៀល​, ចំណាត់ថ្នាក់​លេខ​៣ ភ្នំពេញ​ក្រោ​ន មេដាយ​សំរឹទ្ធិ អមដោយ​ប្រាក់រង្វាន់​៥០​លាន​រៀល​, ក្រុម​ជើងឯក​រង ព្រះខ័ន​រាជ​ស្វាយរៀង មេដាយប្រាក់ អមដោយ​ប្រាក់រង្វាន់​ចំនួន ៦០​លាន​រៀល និង​ក្រុម​គ្រង​ជើងឯក បឹងកេត ទទួលបាន​ពានរង្វាន់​១ មេដាយមាស អមដោយ​ប្រាក់រង្វាន់ ១៥០​លាន​រៀល​។ សម្រាប់​ប្រាក់រង្វាន់​ជ័យលាភី​នៅ​រដូវ​កាល ២០២០ ជាពិសេស​គឺ​ក្រុម​ជើងឯក​ត្រូវបាន​បង្កើន​ឡើង​ច្រើនជាង​បណ្តា​រដូវ​កាល​មុនៗ ដោយ​ច្រើនជាង​២​ដង ដូចជា​រដូវ​កាល ២០១៩ ក្រុម​ជើងឯក ៦០​លាន​រៀល​។

​សូមបញ្ជាក់ថា ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​ការផ្តល់​កិត្តិយស​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​, ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​តំណាង​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​៕​ដោយ​៖​ហេង ណា​លីន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​