ជំនន់​ទឹកភ្លៀង បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ចំនួន ៤៣​នាក់ រងគ្រោះ​ដល់​អាយុជីវិត គិត​ត្រឹម​ថ្ងៃទី​២៦ ខែតុលា

AKP ភ្នំពេញ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ —

​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ៤៣ នាក់​ហើយ ដែល​បាន​ស្លាប់​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង ខណៈ​ខេត្តបន្ទាយមានជ័យ មាន​អ្នកស្លាប់​ច្រើនជាងគេ​ដដែល គឺ​ចំនួន ២៦ នាក់ ហើយ​ដែល​ជំនន់​នេះ បាន និង​កំពុង​វាយប្រហារ និង​ប៉ះពាល់​ដល់ រាជធានី​-​ខេត្ត ចំនួន​២០ ស្មើនឹង ១២១ ក្រុង​/​ស្រុក​/​ខណ្ឌ​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ នេះ​។​

​របាយការណ៍ បញ្ជាក់​ពី​ការខូចខាត និង​ជន់​លិច​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនធំ ដូចជា សាលារៀន ស្ពាន ផ្លូវថ្នល់ វត្ត​អា​រ៉ា​ម​។​ល​។ ខណៈ​ជំនន់​ទឹកភ្លៀង​នេះ បាន​ប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ ១៤៨ ៥៩៧ គ្រួសារ ស្មើនឹង ៥៩៤ ៣៨៨ នាក់ និង​បាន​ជន់​លិច​ស្រូវ ប្រមាណ ២៧២ ២៦៣ ហិកតា រួម​នឹង​ដំណាំ​រួមផ្សំ​ប្រមាណ ៩៦ ៩៤៥ ហិកតា ព្រមទាំង​ប៉ះពាល់​ផ្ទះ​ប្រជាជន​ចំនួន ១៣៣ ២០៣ ខ្នង និង​ខូចខាត​ទាំងស្រុង ៦៣ ខ្នង ផងដែរ​។​

​គួររម្លឹកថា ជំនន់​ទឹកភ្លៀង​នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មកនេះ បាន​ប៉ះពាល់​ស្ទើរតែ​គ្រប់​រាជធានី​-​ខេត្ត ជាពិសេស​ខេត្ត​ភាគ​ពាយ័ព្យ ហើយ​ខេត្តបន្ទាយមានជ័យ​គឺជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដោយបាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ ៤៧ ៤៧១ គ្រួសារ និង​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ៤៧ ៤០០ ខ្នង​៕ ដោយ​៖ ផែន រតនៈ​