វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង ឆ្នាំ​២០២០ នៅ​សាលាស្រុក​ជល​គិរី​

AKP កំពង់ឆ្នាំង ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០–
​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង ឆ្នាំ​២០២០ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​១០​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាស្រុក​ជល​គិរី ក្រោម​អធិបតីភាព​ឯកឧត្តម ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន វណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត​។​

​វេទិកា​នេះ​ក៏មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ទីចាត់ការ​អង្គភាព ចំណុះ​សាលាខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ប្រធានការិយាល័យ​ជុំវិញ​ស្រុក សហគមន៍​មូលដ្ឋាន និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ផងដែរ​។​​ឯកឧត្តម ឡុង ឈុន​ឡៃ បាន​មានប្រសាសន៍ថា ការរៀបចំ​ឱ្យមាន​វេទិកា​នេះ​ឡើង​ដើម្បី​ប្រមូល​ព័ត៌មាន​ស្ដីពី​តម្រូវ​ការចាំបាច់​នានា និង បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​ដើម្បី​ដាក់​វិធានការ ឆ្លើយតប​ក្នុងការ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែលជា​កង្វះខាត​របស់​អាជ្ញាធរ​ដែនដី​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​នាពេល​កន្លងមក ។ ឯកឧត្តម​បានលើកឡើង​ថា ប្រធានបទ​សំខាន់ៗ​ដែល​អង្គ​វេទិកា​បាន​លើក​យកមក​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នាពេលនេះ មានដូចជា ការអនុវត្ត​ភូមិ ឃុំ​មាន​សុវត្ថិភាព ការផ្ដល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន​។​

​ឯកឧត្តម បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ម​ន្ត្រី​ជំនាញ​គ្រប់​អង្គភាព មន្ទីរជំនាញ​ក្នុង​ខេត្ត និង អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​កន្លងមកនេះ​បាន​យកចិត្តទុកដាក់​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ ធ្វើឱ្យ​ស្រុក​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង កាន់តែ​ទទួលបាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ។ វេទិកា​នា​ថ្ងៃនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​សកម្មភាព​នៃ​ការអនុវត្ត​របស់​មន្ត្រី​រាជា​ការ មន្ត្រី​ជំនាញ​ទាំង​ភាព​វិជ្ជមាន​និង​អវិជ្ជមាន ដើម្បី​កែលម្អ​រាល់​បញ្ហា​អសកម្ម ដើម្បីឱ្យ​ក្នុង​មូលដ្ឋាន​នានា​កាន់តែ​មានការ​អភិវឌ្ឍ​។​​ឯកឧត្តម បាន​ជំរុញ​ឱ្យ​មន្ទីរជំនាញ​ពាក់ព័ន្ធ និង អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ត្រូវ​សហការគ្នា​ឱ្យបាន​ជិតស្និទ្ធ​ចូលរួម​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន និង​ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។ សូម​បន្ត​ផ្សព្វផ្សាយ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បាន​ចូលរួម​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្តទៀត និង​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ និង​អនុវត្តន៍​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធាន​ការបង្ការ ការពារ និង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កុំឱ្យ​កើតមាន​ក្នុង​គ្រួសារ និង នៅក្នុង​សហគមន៍​របស់​យើង ។

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​អ្វីដែល​សំខាន់​គឺ​ការ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ​ក្រោយពេល​ទឹក​ស្រក​វិញ​។ រាជរដ្ឋាភិបាល​បាន​ត្រៀម​គ្រាប់ពូជ អ្នកបច្ចេកទេស ផ្នែក​កសិកម្ម សម្រាប់​ចែកជូន និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ត្រូវ​ប្រញាប់ប្រញាល​បង្ក​បង្កើន​ផល​ក្រោយពេល​ទឹក​ស្រក​៕​ដោយ​៖​បៃ ស៊ីថុន​