មន្ត្រី​សង្ឃ​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ នាំយក​ស្បៀងអាហារ​ទៅ​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ភូមិ​ខ្លាខាំ​ឆ្កែ​

AKP សៀមរាប ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០–
​ព្រះគ្រូ​មុន្នី​បញ្ញាញាណ ព្រហ្ម​ជោ​ត្តោ ស៊ុម ពិ​សិទ្ធិ ព្រះ​សមុហ៍​គណ​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​១០​កើត ខែ​ក​ក្ដិ​ក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ​២០២០ បាន​ដឹកនាំ​មន្ត្រី​សង្ឃ​ខេត្តសៀមរាប និង​ចៅអធិការ​វត្ត​មួយចំនួន​នៅក្នុង​ក្រុង​សៀមរាប សហការ​ជាមួយ​សាលា​អនុគណ​ស្រុក​ព្រះ នេត្រ​ព្រះ និង​សាលា​អនុគណ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បាន​នាំយក​ស្បៀងអាហារ​ទៅ​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ស្ថិតនៅ​ភូមិ​ខ្លាខាំ​ឆ្កែ ឃុំ​ឡំ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ចំនួន​៣៦​គ្រួសារ​។​

​ព្រះ​តេជគុណ ស៊ុម ពិ​សិទ្ធិ បាន​មាន​ថេរ​ដីកា​រថា ការផ្តល់​ស្បៀងអាហារ​របស់​ព្រះសង្ឃ​នៅពេលនេះ គឺជា​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក ជាពិសេស​គឺ​ការរង​គ្រោះ​ដោយ​គ្រោះទឹកជំនន់​នៅពេលនេះ​។ ព្រះ​តេជគុណ​មាន​ថេរ​ដីការ​បន្តថា ដោយសារ​ប្រទេស​កម្ពុជា​រង​សម្ពាធ​ទាប​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​ធ្វើឱ្យ​ផ្ទះសម្បែង និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ នៃ​បណ្តា​ខេត្ត​មួយចំនួន​បាន​រង​ការ​លិច និង​ខូចខាត​។ ប៉ុន្តែ​ដោយសារតែ​មើលឃើញថា ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ដែលមាន​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ​ខ្លាំងជាងគេ ដូច្នេះហើយ​បានជា​មន្ត្រី​សង្ឃ​នៅ​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ បានរួម​គ្នា​នាំយក​ស្បៀងអាហារ​មួយចំនួន​មក​ផ្តល់ជូន​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ជួប​ការលំបាក​។ ព្រោះថា ជីវភាព​ព្រះសង្ឃ គឺ​ញោមញាតិ​ជា​អ្នក​ខ្វល់ខ្វាយ​ជួយ​ជ្រោមជ្រែង ដល់​ឥឡូវនេះ​ប្រជាពលរដ្ឋ​ជួប​ការលំបាក ព្រះសង្ឃ​ត្រូវតែ​ខ្វល់ខ្វាយ​ជួយ​ជ្រោមជ្រែង​ញោមញាតិ​វិញ​ម្តង​។

​ព្រះ​តេជគុណ ស៊ុម ពិ​សិទ្ធិ បាន​មាន​ថេរ​ដីការ​បញ្ជាក់ថា ស្បៀងអាហារ​ដែល​បានផ្តល់​ជូន​នៅពេលនេះ​ក្នុង​ម្នាក់​ទទួលបាន អង្ករ​២៥​គីឡូក្រាម ថ្នាំ​បាត់​ផ្តាស​សាយ​មួយ​ប្រអប់ និង​ថវិកា​មួយចំនួន​។ជាមួយគ្នានេះ​ព្រះ​តេជគុណ​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឱ្យ​ខ្ពស់​ចំពោះ​អគ្គិសនី សត្វ​មាន​ពឹ​ស និង​ក្មេង​តូចៗ​ចៀសវាង​មានការ​គ្រោះថ្នាក់​៕ ដោយ​៖ ឃុ​ត សៅ