រដ្ឋបាលខេត្ត បើក​កិច្ចប្រជុំ​កំណត់​ទីតាំង​ចំនួន​១០ ដើម្បី​ដាក់បញ្ចូល​ក្នុង​បញ្ជី​ទីតាំង​ចំនួន​១០០ នៃ “​គម្រោង​តេ​ជោ​ភូមិ ១០០”

AKP កណ្ដាល ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០–
​រសៀល​ថ្ងៃ​១០​កើត ខែ​ក​ក្ដិ​ក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកណ្ដាល រៀបចំ​កិច្ចប្រជុំ កំណត់​ទីតាំង​ចំនួន​១០ ក្នុង​ខេត្តកណ្ដាល ដើម្បី​ដាក់បញ្ចូល​ក្នុង​បញ្ជី​ទីតាំង​ចំនួន​១០០ នៃ​”​គម្រោង​តេ​ជោ​ភូមិ ១០០” ក្រោម​អធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្តកណ្ដាល និង ឯកឧត្តម​បណ្ឌិត ងួន​ផាន ភក្ដី អ្នករៀបចំ​គម្រោង​។​

​ឯកឧត្តម​បណ្ឌិត ងួន​ផាន ភក្ដី បានឱ្យដឹងថា គម្រោង​តេ​ជោ​ភូមិ ១០០​នេះ នឹងត្រូវ​អនុវត្តន៍​នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត ហើយ​គម្រោង​នេះ​នឹងចូលរួម​ចំណែក​ក្នុងការ​ជំរុញ​ការ​អភិ វ​ឌ្ឍ​នៅ​ថ្នាក់មូលដ្ឋាន នឹង​កាត់បន្ថយ​ភាពក្រីក្រ សំដៅ​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ និង​ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ឯកឧត្តម​បណ្ឌិត បាន​បន្តថា ទីតាំង​ដែលមាន​សក្ដានុពល​សម្រាប់​អនុវត្តន៍​គម្រោង​នេះ ត្រូវមាន​លក្ខណៈ ជា​កន្លែង​មាន​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ និង​វប្បធម៌ កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ អាជ្ញា​ធរមាន​ភាពជា​អ្នកដឹកនាំ​នៅ​មូលដ្ឋាន មាន​ភាពជា​ម្ចាស់ការ និង​មាន​សមត្ថភាព​ធនធាន​មនុស្ស​គ្រប់គ្រាន់ មា​នស​ត្ដា​នុព​ល​ទាក់ទាញ​ការវិនិយោគ​ឯកជន មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​ជាទី​តាំង​មាន​ប្រជាជន​រស់នៅ​ច្រើន​។​

​ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្តកណ្ដាល បាន​សំដែង​នូវ​ការគាំទ្រ និង​សហការ​យ៉ាង​ពេញទំហឹង ក្នុងការ​កំណត់​ទីតាំង សម្រាប់ធ្វើ​ការអនុវត្ត​គម្រោង​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​។​
​ជាងនេះទៅទៀត ឯកឧត្តម​អភិបាលរង​ខេត្ត បានស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ទីរជំនាញ​ជុំវិញ​ខេត្ត ត្រូវធ្វើ​ការសហការ​ជាមួយ​ក្រុមការងារ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ធ្វើការ​កំណត់​ទីតាំង​ដែលមាន​សក្ដានុពល​នៅក្នុង​ខេត្ត ៕ ដោយ ណ​យ នឿន (​ប្រភពៈ​រដ្ឋបាល​ខេត្តកណ្តាល​)