ឯកឧត្តម គុយ សុផល នាំយក​ព្រះរាជ​អំណោយ​ព្រះមហាក្សត្រ​ចែកជូន​ដល់​ប្រជារាស្ត្រ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ពួក​

AKP សៀមរាប ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០–
​កាលពី​ថ្ងៃ​៩​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២៥ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម គុយ សុផល ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួងព្រះបរមរាជវាំង រួមជាមួយ​ឯកឧត្តម ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​នាំយក​ព្រះ​រាជអំណោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល យកទៅ​ចែកជូន​ដល់​ប្រជារាស្ត្រ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ស្រុក​ពួក ខេត្តសៀមរាប ចំនួន ១.១៥៣​គ្រួសារ ដែល​មកពី​ឃុំ​យាង​ចំនួន​៥៨៨​គ្រួសារ និង​ឃុំ​សសរស្តម្ភ​ចំនួន ៥៦៥​គ្រួសារ​។​

​នៅក្នុង​ពិធី​នោះ ឯកឧត្តម គុយ សុផល ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ​ទាំង​ទ្វេ បាន​ជម្រាបជូន​ពី​ព្រះរាជ​បណ្តាំ​មាន​ខ្លឹមសារ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ដោយ​សព្វថ្ងៃ​ព្រះអង្គ​កំពុង​គង់​សម្រាក​ពិនិត្យ​ព្យាបាល​ព្រះរាជសុខភាព​នៅ រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ព្រះអង្គ​មាន​ព្រះរាជហឫទ័យ​នឹករឭក និង​សាកសួរ​សុខទុក្ខ ក្នុង​ព្រះរាជហឫទ័យ​អាណិត​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​កូនចៅ ចៅទួត​របស់​ព្រះអង្គ ដែល​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តសៀមរាប ហើយ​កំពុង​ជួបប្រទះ​នូវ​ការលំបាក​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ហេតុនេះហើយ​ទើប​ព្រះអង្គ​ទាំង​ទ្វេ​បាន​ប្រោស​ព្រះរាជទាន​ឱ្យ​រូប​ឯកឧត្តម នាំមក​នូវ​ព្រះ​រាជអំណោយ​ដ៏​ថ្លៃថ្លា មក​ចែកជូន​ដល់​ប្រជានុរាស្ត្រ​ទាំង ១.១៥៣​គ្រួសារ​នេះ ដើម្បី​ជួយ​សម្រាល​ការលំបាក​របស់​ប្រជារាស្ត្រ ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ​។

ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គុយ សុផល បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ដែល​បាន​ខិតខំ​ចុះជួយ​ប្រជាពលរដ្ឋ ដោយ​មិន​ខ្លាច​នឿយហត់​បាន​ទាន់ពេលវេលា ទោះបី​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ​។ ប្រជារាស្ត្រ​ដែល​ទទួលបាន​ព្រះរាជ​អំណោយ​ទាំងអស់ បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ចំពោះ ព្រះអង្គ និង​សូម​ថ្វាយ​ព្រះរាជ​សព្ទសាធុការពរ​ដ៏​បវរ​មហាប្រសើរ​ថ្វាយ​ព្រះករុណា​ជា​អម្ចាស់ ជីវិត​លើ​ត្បូង ព្រះមហាក្សត្រ និង​សម្ដេចព្រះ​មហាក្សត្រី សូម​ព្រះអង្គ​បាន​ប្រកប​តែ​នឹង​ព្រះ​បរមសុខ​គ្រប់ប្រការ សូមឱ្យ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ មាន​ព្រះរាជសុខភាព​ល្អ បរិបូណ៌ ព្រះកាយពល​មាំមួន និង​មាន​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់ប្រថាប់​នៅ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ​ដល់​កូនចៅ ចៅទួត​របស់​ព្រះអង្គ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ដរាប​តរៀង​ទៅ​។​

​ព្រះរាជ​អំណោយ​ដែល​ត្រូវបាន​គេ​ចែកជូន​ប្រជារាស្ត្រ​នាពេលនោះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​៥០​គីឡូក្រាម​, ឃី​ត​១​កញ្ចប់ (​សារុង​១ ភួយ​១ មុង​១ ក្រមា​១), មី​១​កេស​, ត្រីខ​១០​កំប៉ុង​, តង់​កៅស៊ូ​១​ផ្ទាំង​, អាវយឺត​មាន​ស្លាក​ព្រះរាជ​អំណោយ​ព្រះករុណា ព្រះបាទ​ស​មេ្ត​ច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១, និង​ថវិកា​ចំនួន ៤០​ម៉ឺន​រៀល​៕ ដោយ​៖​ហង្ស សៀក សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​