សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្នាំនេះទោះបីពិធីបុណ្យអុំទូកមិនប្រារព្ធ តែយើងនៅតែគោរពប្រពៃណីទំនៀមទម្លាប់ ដូចជាអកអំបុក សំពះព្រះខែ ជាដើម

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឆ្នាំនេះ ទោះបីជាមិនមានពិធីបុណ្យអុំទូកក៏ដោយ តែយើងនៅតែគោរពប្រពៃណីទំនៀមទម្លាប់ ដូចជាអកអំបុក សំពះព្រះខែ ជាដើម គឺយើងអាចធ្វើនៅតាមវត្តអារាម ឬតាមផ្ទះជាដើម ហើយប្រជាពលរដ្ឋអាចឈប់សម្រាកបានធម្មតា។

ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ថ្ងៃ៣០ ខែតុលាខាងមុខ បុណ្យអុំទូកនឹងចាប់ផ្ដើម បើទោះបីជាយើងចង់អុំទូក ក៏អុំអត់បានដែរនៅក្នុងឆ្នាំនេះ ដោយសារកូវីដ យើងបានលុបចោលព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅទីក្រុងភ្នំពេញ យើងគ្រាន់តែមិនចាត់តាំងអុំទូកតែប៉ុណ្ណោះ រឿងសំពះព្រះខែ អកអំបុក នៅតាមផ្ទះ គឺនៅតែធ្វើ ហើយមន្ដ្រីរាជការ កម្មករ កម្មការិនី ក៏នៅតែបន្ដការឈប់សម្រាកដដែល»។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃឈប់ខាងមុខនេះ ច្បាស់ណាស់ ពិតជាមានទេសចរណ៍ ចេញពីគោលដៅទេសចរណ៍មួយ ទៅគោលដៅទេសចរណ៍មួយទៀត ដូច្នេះសេដ្ឋកិច្ចរបស់កម្ពុជា នៅតែដើរ បើទោះបីជាថយថមយ៉ាងណាក្ដី ហើយប្រាក់ចំណូល បើទោះបីជាថមថយ ក៏នៅតែមានប្រាក់ចំណូល ដែលអាចទ្រទ្រង់ បាននូវថវិកាសម្រាប់ឱ្យរាជរដ្ឋាភិបាល យកមកបើកប្រាក់ប្រៀវត្សរ៍ ឱ្យមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការចំណាយដទៃទៀតផងដែរ។ នៅក្នុងពីធីនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាឱ្យរដ្ឋមន្ត្រីចំនួន ៤ក្រសួង ដែលរួមមានក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវចុះដោះស្រាយបញ្ហាជូនពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ជាបន្ទាន់ ។ រដ្ឋមន្ត្រីទាំង ៤ត្រូវដោះស្រាយបញ្ហាជួសជុលផ្លូវ ស្ពាន ទំនប់ទឹក ប្រឡាយទឹក ផ្លូវលំជនបទ ដែលខូច ខាតដោយជំនន់ទឹកភ្លៀងនៅចំនួន២០ខេត្ត-រាជធានីឱ្យបានរហ័ស។ចំណែកក្រសួងកសិ កម្មត្រូវចាត់ចែងផ្តល់ស្រូវពូជ និង ពូជដំណាំដល់កសិករឱ្យទាន់ពេលវេលា៕

ដោយ ជឹម ណារី