សម្ដេចតេជោ ហ៊ុន សែន៖ គម្រោងអភិវឌ្ឍន៍កោះនរា បានរួមចំណែកដល់ផលិតផលក្នុង ស្រុក​សរុបប្រមាណជា ២២៥លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០–

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា  គម្រោងអភិវឌ្ឍន៍កោះនរាបានរួមចំណែកដល់ផលិតផលក្នុង​ស្រុក​សរុប​ប្រមាណជា ២២៥លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង០,៩ភាគរយ នៃផលិតផល​ក្នុងស្រុកសរុបនាពេលបច្ចុប្បន្ន។

ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់តំបន់ អភិវឌ្ឍន៍កោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បាន​ថ្លែងនូវការកោតសរសើរចំពោះក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)  ក៏ដូច​ជា​បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ដែលបានបន្តដំណើរការរបស់ខ្លួន បើទោះបី​ជា​ប្រឈមនឹងកូវីដ១៩ ប៉ុន្តែបានបង្កើតការងារ និងប្រាក់ចំណូល ព្រមទាំងបង្កើតនៅការ​វិនិយោគថ្មីៗបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន លើកឡើងថា ការសាងសង់ស្ពានតភ្ជាប់ថ្មី ដែលជាសមិទ្ធផលរបស់ជាតិនេះ កើតចេញ​ការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្តយកស្លឹកត្នោត ខ្ចប់ស្ករត្នោត។ ត្រង់ចំណុចនេះ បាន​សេចក្តីថា គឺជាការយកថវិកាពីអភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាង​សង់ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១នេះ។ សម្ដេចតេជោបានអះអាងថា ការអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងកោះនរានេះ បានយកផលចំណេញ ទៅកសាងសំណង់ផ្លូវស្ពាន និងសំណង់​ផ្សេងៗ នៅរាជធានីភ្នំពេញបានជាច្រើន។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងជំរុញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែបន្តអភិវឌ្ឍន៍តាមរូបមន្តយកស្លឹកត្នោត ខ្ចប់ស្ករ​ត្នោតនេះ។

លោកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍«កោះនរា»ក្នុងទំហំផ្ទៃដី១២៥ហិកតា ដែលមានតម្លៃវិ​និយោគប្រមាណ៥៥០លានដុល្លារអាម៉េរិក របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) នឹងរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប(GDP) ចំនួន២២៥លានដុល្លារ​ក្នុងមួយ​ឆ្នាំៗ ដែលជិតស្មើ០.៩ភាគរយនៃ GDP ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ លោកឧកញ៉ា​បានបញ្ជាក់ថា សម្រាប់ថវិកាវិនិយោគ ៥៥០លានដុល្លារអាម៉េរិកនៃការសាងសង់ហេដ្ឋា​រចនាសម្ព័ន្ធ ក្នុងរយៈពេល៣ឆ្នាំដំបូង ពោលចាប់ពីខែមករាឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម និងសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍​«កោះនរា» កំពុងប្រើប្រាស់កម្លាំងពលកម្មប្រមាណ៧០០នាក់ ហើយកើនដល់ ៧ ០០០នាក់ ពេលគម្រោងមានការសាងសង់ពេញទំហឹង។

លោកឧកញ៉ាបានបន្តថា បន្ទប់ពីបញ្ចប់ការដ្ឋានសាងសង់ស្ពានក្នុងគម្រោង​អភិវឌ្ឍន៍​«កោះនរា»នេះ នឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ បានប្រមាណ១ម៉ឺន​កន្លែង ក្នុងដំណើរប្រតិបត្តិការប្រចាំថ្ងៃ។  ជាមួយគ្នានេះ គម្រោងអភិវឌ្ឍន៍«កោះនរា»នេះ  អាចអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅបានចំនួន៥ម៉ឺននាក់ ដោយគ្រោងចំណាយថវិកាសរុប​ចំនួន២,៥០០លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ ក្រុមហ៊ុន OCIC កំពុងសាងសង់ស្ពានបេតុង​ឆ្លង​ទន្លេចំនួន២ខ្សែ ដោយស្ពានទី១ មានតម្លៃ១,៦លានដុល្លារអាម៉េរិក ដែលជាប្រភេទ​ស្ពាន​បេតុងយោងខ្សែកាប ហើយតភា្ជប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា។ ស្ពាននេះ មានបណ្តោយ៦០ម៉ែត្រ និងទទឹង២១ម៉ែត្រ។ ស្ពានបេតុងយោងខ្សែកាបទី២ មានតម្លៃ៣៨លានដុល្លារអាម៉េរិក ដែលតភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរាទៅកាន់ទី​ក្រុងកោះ​ពេជ្រ។ ស្ពាននេះមាន បណ្តាយ ៨២៤ម៉ែត្រ ទទឹង២៤,៥ម៉ែត្រ។ គម្រោងស្ពានបេតុងនេះ ធ្វើឡើងជាស្ពានមានលក្ខណៈ ទ្វេទិស ដែលមានគន្លងសម្រាប់រថយន្ត២ទៅ និងគន្លង សម្រាប់រថយន្ត២មក មានប្រវែង ៣,២៥ម៉ែត្រ ក្នុងមួយគន្លង។ ក្រៅពីរថយន្ត ស្ពានថ្មីនេះ ក៏មានគន្លងទទឹងប្រវែង ១,២៥ម៉ែត្រ សម្រាប់ទោចក្រយានទៅមកផងដែរ៕

ដោយ ជឹម ណារី