ឯកឧត្តម ជាវ តាយ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធអបអររុក្ខទិវា ៩កក្កដា ២០២០

AKP កំពត ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០

រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៣ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកលោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋានសរុបប្រមាណជា៣០០នាក់។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍ថា បុណ្យរុក្ខទិវា៩កក្កដា គឺជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្ដែង នូវការយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងខិតខំអនុវត្តន៍ យ៉ាងសកម្មនូវគោលនយោបាយជាតិដាំព្រៃឈើឡើងវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយផ្សារភ្ជាប់ការងារដាំ និងការថែរក្សាការពារអភិរក្សធនធានធម្មជាតិ និងការប្រើ ប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវដោយរក្សាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

ឯកឧត្តម អភិបាលខេត្តបានចាត់ទុកការស្រឡាញ់ព្រៃឈើ ការចូលរួមដាំដុះនិងបង្កើត បានព្រៃឈើស្រស់បំព្រងគឺជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ធ្វើឱ្យមានលំនឹងផ្នែកបរិស្ថាន មិនតែប៉ុណ្ណោះព្រៃឈើជាប្រភពស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី ពិសេសវាក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់បម្រើឱ្យ វិស័យកសិកម្មទៀតផង។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបង្កើនស្មារតីចូលរួមអនុវត្តន៍ គោលនយោបាយដាំដើមឈើឡើងវិញរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យ ប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាថែមទៀតផង។ ពិសេសមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើកំពត ត្រូវសហការជា មួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តដាំដើមឈើនៅឆ្នាំបន្តបន្ទាប់ គ្រប់ទីកន្លែងទាំងអស់ក្នុងខេត្ត ដើម្បីបង្កើតបាននូវពណ៌បៃតងនិងផ្កាគ្រប់ពណ៌ សម្រាប់លម្អសោភ័ណភាព ជាពិសេសនៅក្រុងកំពត ហើយត្រូវយកចិត្តទុកដាក់ជួយ ថែរក្សាការពារកូនឈើទាំងអស់នោះឱ្យបានដុះលូតលាស់គង់វង្សល្អ។

នៅក្នុងពិធីនោះដែរ រដ្ឋបាលខេត្តកំពតក៏បានចែកកូនឈើ និងបានដាំដើមឈើ អមតាមដងផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ស្ថិតក្នុងសង្កាត់ក្រាំងអំពិល សង្កាត់កំពង់បាយ ក្រុងកំពត និងឃុំព្រៃឃ្មុំ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ដែលជាប្រភេទឈើ និងកូនឈើប្រណិត សរុបមានចំនួន៦០០ដើម៕ ដោយប្រាក់ លាង