ព្រឹទ្ធសភា ផ្តល់យោបល់គាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន ៤ ទៅតាមការស្នើឡើងរបស់រាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០–

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា  បានពិនិត្យ និងឱ្យយោបល់គាំទ្រទាំង​ស្រុង ដោយគ្មានការកែប្រែលើសេចក្តីព្រាងច្បាប់ចំនួន៤ ទៅតាមការស្នើឡើងរបស់រាជរដ្ឋាភិបាល។

ការពិនិត្យ និងឱ្យយោបល់គាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៤នេះ បានធ្វើ ឡើងនៅក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ នាព្រឹកថ្ងៃទី២៦ ខែតុលានេះ ក្រោមអធិបតីភាព​ ​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនាមតំណាងរាជរដ្ឋាភិបាលឡើង ការពារសេចក្តី ព្រាងច្បាប់ទាំងនេះផងដែរ។

ឯកឧត្តម ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់ ក្រុមអ្នកសារព័ត៌មានថា សេចក្តីព្រាងច្បាប់ទាំង៤នោះរួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានសម័យប្រជុំលើកទី៦ព្រឹទ្ធសភាផ្តល់សំឡេង គាំទ្រចំនួន ៥៧សំឡេងនៃអង្គប្រជុំទាំងមូល។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់​គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រូវបានសម័យប្រជុំលើកទី៦ព្រឹទ្ធសភា ផ្តល់សំឡេងគាំទ្រចំនួន ៥៧សំឡេង នៃអង្គប្រជុំទាំងមូល។

៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ  កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ និងកិច្ចព្រមព្រៀងរវាងរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ត្រូវបានសម័យប្រជុំលើកទី៦ព្រឹទ្ធសភាផ្តល់សំឡេងគាំទ្រចំនួន ៥៧សំឡេង នៃអង្គប្រជុំទាំងមូល និងទី៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម័យ ប្រជុំលើកទី៦ព្រឹទ្ធសភាផ្តល់សំឡេង គាំទ្រចំនួន ៥៧សំឡេង នៃអង្គប្រជុំទាំងមូលផង៕ ដោយ ប៉ាល់សុង